ព័ត៍មានទាន់​ហេតុការណ៏
Search

ដោយសារ​គំនុំ​ចាស់​ ស្មៀនឃុំ​ម្នាក់​ ត្រូវ​នឹង​ដំបង​ឫស្សី ​រងរបួស​ធ្ងន់​

​តាកែវ ៖ ស្មៀនឃុំ​ម្នាក់ ​ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​នឹង​ដំបង​ឫស្សី​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ​ក្នុង​ពិធី​មង្គលការ​កូន​អ្នកភូមិ​ផ្អើល​ពេញ​រោង ព្រោះ​តែ​មាន​គំនុំ​ចាស់​ជាមួយនឹង​ជនសង្ស័យ​ពីមុន​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​០០​នាទី ស្ថិតនៅ​ពិធី​មង្គលការ​កូន​អ្នកភូមិ​ព្រៃខ្លា ឃុំ​សិង្ហ ស្រុក​សំរោង ខេត្ត​តាកែវ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឡុង គីម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កី ឃុំ​សិង្ហ ស្រុក​សំរោង មុខរបរ​ធ្វើស្រែ​។

ប៉ូលិស​ស្រុក​សំរោង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ជាមួយនឹង​ជនរងគ្រោះ​ដែរ លុះដល់​ស្រវឹង​ស្រឿងៗ​រៀង​ខ្លួន ជនសង្ស័យ​បាន​យក​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​ដែលជា​ស្មៀនឃុំ ឈ្មោះ សុខ សារឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់​នៅ​ភូមិ​តា​សំ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង បណ្តាល​ឲ្យ​រង​បួស​បែកក្បាល​។

ក្នុងករណីនេះ​ប៉ូលិស​ស្រុក​សំរោង​បាន​បញ្ជាក់​ថា មូលហេតុ​ដោយសារ​ជនរងគ្រោះ ​និង​ជនសង្ស័យ​មាន​គំនុំ​នឹង​គ្នា​។​

ក្រោយ​កើតហេតុ ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរ​ស្រុក​សំរោង ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114