ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​ចំនួន​៧​មុខ​ ដែល​កើត​ញឹកញាប់​ក្នុង​រដូវ​ភ្លៀង​

​ភ្នំពេញ ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​ចំនួន​៧​មុខ​ ដែល​តែងតែ​កើត​ញឹកញាប់​នៅក្នុង​រដូវភ្លៀង​ ខណៈ​រដូវវស្សា​ ​បាន​ឈាន​ចូល​មកដល់​នោះ​។​

លោក​វេជ្ជបណ្ឌិត ​លី​ សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​ជំងឺ​៧​មុខ​ដែល​តែងតែ​កើតឡើង​នៅក្នុង​រដូវភ្លៀង​នេះ​រួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺ​គ្រុន​ផ្តាសាយ ជំងឺ​គ្រុន​ក្តៅ ជំងឺ​ចម្លង​ពី​ចំណីអាហារ ជំងឺ​ចម្លង​ពី​ទឹក ជំងឺ​អាសន្នរោគ​ និង​ជំងឺ​លិ​ប​តូ​ដែល​ឆ្លង​ពី​ទឹកនោម​សត្វ​កណ្តុរ​ធ្វើ​ឲ្យ​អ្នកជំងឺ​ខូច​តម្រង់​នោម ថ្លើម រលាក​ស្រោមខួរ​ និង​វិបត្តិ​ដង្ហើម​។​
​ ​
លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​អាវ​ភ្លៀង​ឆ័​ត្រ ​និង​ស្បែកជើង​លុយ​ទឹក ងូត​ទឹក​ក្រោយពី​ត្រូវ​ទឹក​ភ្លៀង ផឹកទឹក​ក្តៅ​អ៊ុន​ៗ ទឹក​ស៊ុប​ក្តៅៗ អនាម័យ​ខ្លួនប្រាណ បរិភោគ​អាហារ​ណា​ដែល​មាន​ជីវជាតិ ​និង​មាន​អនាម័យ​ដូចជា វីតាមីន​សេ​រួមមាន ផ្លែ​ត្របែក ល្ហុង​ទុំ ចេកទុំ ក្រូច​ពោធិ៍សាត់ និង​បន្ថែ​ពណ៌​បៃតង​ចាស់​ដូចជា​ ផ្ទី​ស្លឹក​ងប់ ស្លឹក​បាស ខាត់ណា សណ្ដែកកួរ និង​ប៉េងប៉ោះ​ជាដើម​។​

លោក​វេជ្ជបណ្ឌិត​បា​ន​បន្ថែម​ថា ​ចំពោះ​អ្នកជំងឺ​ផ្តាសាយធំ ​ត្រូវ​ពាក់​ម៉ាស់​ ឬ​រុំ​ក្រមា​ ឬ​កន្លែង​នៅ​មាត់​ពេល​ក្អក ​ឬ​កណ្ដាស់ បរិភោគ​ទឹក​យ៉ាងតិច​២​លីត្រ​ក្នុង​១​ថ្ងៃ​ ដោយ​មិនត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​ឡើយនិង​ត្រូវ​ឧស្សាហ៍​លាង​ដៃ​ជាមួយនឹង​សាប៊ូ​ និង​ទឹក​ ដើម្បី​ជៀសវាង​ការ​ចម្លង​ជំងឺ​ទៅ​សមាជិក​គ្រួសារ អ្នក​ដទៃ​ និង​ហាម​ក្អក​ដាក់​បាតដៃ​ ព្រោះ​វា​អាច​ឆ្លងទៅ​អ្នក​ដទៃ​ទៀត​បាន​តាមរយៈ​ការ​ចាប់​ដៃ​ឬ​ចាប់​របស់​ផ្សេងៗ​។

អ្នកនាំពាក្យ​រូបនោះ​បានបញ្ជាក់​ទៀតថា​ ជាងនេះទៅទៀត​ ត្រូវ​ចូលរួម​លុបបំបាត់​ដង្កូវទឹក​ និង​ជម្រក​សត្វ​មូស​ខ្លា​ដូចជា​សំបក​កង់ សំបក​កង់ឡាន ត្រឡោក​ដូង​ និង​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ដើម្បី​ការពារ​កុមារ​ពី​ជំងឺគ្រុនឈាម​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្លាប់​មាន​ប្រសាសន៍​ថា ​នៅក្នុង​រដូវវស្សា​ក្រសួង​តែងតែ​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺតម្កាត់​ផ្សេងៗ ​ពិសេស​ជំងឺ​ផ្ដាសាយ ​ដែល​តែងតែ​កើតជា​ញឹក​ញាប់​នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​។​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ថា​ ក្នុងករណី​មាន​បញ្ហា​សុខភាព​ដូចជា ​គ្រុនក្ដៅ​ដោយមាន​កម្ដៅ​លើសពី​៣៨​អង្សា ឈឺ.​ក ក្អក​ស្ងួត ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ផឹកទឹក​ឲ្យ​បាន​ច្រើន​ និង​កាត់បន្ថយ​ការហាត់​ប្រា​ណ​ហើយ​ក្នុងករ​ណី​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ហើយ​ នៅតែ​មិនបាន​ធូរស្បើយ​ទៀត​នោះ ​ត្រូវ​រួសរាន់​ទៅ​រក​ការ​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ​បំផុត​ដើម្បី​ទទួលបាន​ការព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​។​

យោងតាម​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ​រដូវវស្សា​នៅ​ឆ្នាំនេះ​ បាន​ឈាន​ចូល​មក​ដល់​នៅ​សប្ដាហ៍​ទី​៣​ នៃ​ខែ​ឧសភា​នេះហើយ ​ដែល​បណ្តាល​ឲ្យ​មាន​ភ្ញៀវ​ធ្លាក់​ជោកជាំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114