ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​សង្ស័យ​ស្រវឹង​ស្រា បើក​រថយន្ត​ស៊េរី​ទំនើប ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ បែក​កង់ ​ទៅ​មុខ​លែងរួច

ភ្នំពេញ ៖ រថយន្ត​រ៉េ​ង​រ៉ូ​វើ​ ស៊េរី​ទំនើប​១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ សង្ស័យ​ស្រវឹងស្រា ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​បាក់​អស់​២​កង់​ រថយន្ត​បែក​កង់​ខាងមុខ​ទៅ​លែង​រួច ចំណែក​អ្នកបើកបរ​ សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សុធារស ខាងត្បូង​ផ្សារ​អ៊ី​អន​១ ​ប្រមាណ​ជា​១០០​ម៉ែត្រ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​។​

​សាក្សី​បាន​និយាយ​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​រ៉េ​ង​រ៉ូ​វើ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-1053​ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន សង្ស័យ​ទើប​ត្រឡប់​មកពី​កន្លែង​ផឹក ក៏​មិន​ដឹង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ជ្រុល​ទៅ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ បាក់​អស់​២​កង់ ​ចំណែក​រថយន្ត​បែក​កង់​ខាងមុខ​ខាង​ឆ្វេង​ទៅមុខ​លែង​រួច​។ រី​ឯ​ម្ចាស់​រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាក់​សាក់​ភ្លាមៗ ប៉ុន្តែ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​​នៅឡើយ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114