ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លាំង​ជួប​ខ្លាំង​ ទាក់​សំដី​គ្នា​តាមផ្លូវ​ ក៏​វាយ​គ្នា ​រង​របួស​សងខាង​ ចំនួន​០៣​នាក់​

​ភ្នំពេញ ៖​ បុរស​ម្នាក់ ​ជិះ​ម៉ូតូ​តាមផ្លូវ​ ខឹង​រថយន្ត​ដឹក​ត្រី​បើក​កៀរ​ម៉ូតូ ​គាត់​ក៏​បើក​កាក់​មុខ​រថយន្ត​ដឹក​ត្រី​ស្រាប់​តែ​ខាង​រថយន្ត​ខឹង ​ក៏​យក​ដំបង​ដែក​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ទាំង​សងខាង​៣​នាក់។​

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១​និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​យឺ​ត្រី​គីឡូម៉ែត្រ​លេខ​៩​ ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំ​រះ​១​ខណ្ឌ​ឫស្សី​កែវ​។ បុរស​ដែល​បែកក្បាល​ម្នាក់ឯង​មាន ឈ្មោះ រ៉ូ​សាលី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១២ ស្នាក់នៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឫស្សី​កែវ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​អ្នក​ដែល​រងគ្រោះ​បែកក្បាល​ម្នាក់ឯង​មានឈ្មោះ​ដូចខាងលើ​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ ​គាត់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​នោះទេ​ ជាមួយ​មិត្តភ័ក្ដិ ​ជិះ​ទៅ​ញុំា​បាយ​នៅ​គីឡូម៉ែត្រ​លេខ​៦​ ខណៈ​ពេល​ដែល​ញុំា​​រួច​ ក៏​ជិះ​ត្រឡប់មកវិញ លុះ​​មកដល់​មុខ​ផ្ទះ​ ក៏​ឃើញ​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ម៉ាក​FUSO​ ពណ៌​ខៀវ​ លា​យស ​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​PSHN0573​ មក​ឈប់​ចំ​មុខផ្ទះ​គាត់​ ទើប​គាត់​សួរនាំ​តិចតួច ​ស្រាប់តែ​បុរស​៥​នាក់​នោះ​នាំគ្នា​កាន់​ទីប​គ្រប់​ដៃ​មក​ព្រួត​វាយ​គាត់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ បែកក្បាល​ហូរ​ឈាម ​ភ្លាមៗ​នោះ​ដែរ ​អ្នកភូមិ​ឃើញ ក៏​ចូលទៅ​ឃាត់​ប្រតាយប្រតប់​គ្នា​ទៅ​ ក៏​ជ្រុល​ឲ្យ​បុរស​២​នាក់​ជា​កម្មករ​ដឹក​ត្រី​នោះ​រងរបួស​ធ្ងន់​បែកក្បាល​តែ​ម្តង។​

​ចំណែក​ឯ​ខាង​រថយន្ត​ដឹក​ត្រី​មាន​គ្នា​៥​នាក់​វិញ​បាន​លើកឡើងថា ​ខ្លួន​បើកឡាន​ដឹក​ត្រី​មកពី​ខេត្ត​ព្រៃវែង ​រួច​ក៏​យកមក​ឲ្យ​ម៉ូយ​នៅ​ព្រែកព្នៅ ​ស្រាប់តែ​២​នាក់​ខាងលើនេះ​ជិះ​ម៉ូតូ​មកពីណា​នោះទេ​ស្រវឹង​ស្រា​ ហើយ​យក​ដុំថ្ម​មក​ដេញ​គប់​រថយន្ត​គាត់​ រួចមក​កាក់​រថយន្ត​ឲ្យ​ឈប់ ​រួច​មាន​គ្នា​ជាច្រើន​នាក់មក​ចង់​ព្រួត​វាយ​រូប​ពួកគាត់ ​ទើប​គាត់​ការពារ​ខ្លួន​តែប៉ុណ្ណោះ​ មិនបាន​បង្កឡើង​មុន​នោះទេ។​

​ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​បង​ប្អូន​ខាង​បុរស​ដែល​បែក​ក្បាល​មក​ស្រែក​ឡូឡា​ពេញមុខ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ​និង​ចោទថា​ សមត្ថកិច្ច​ស៊ី​លុយ​គេ​ទៀត​ ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ទាំងសងខាង​ជា​បណ្ដោះអាសន្ន ​រង់ចាំ​ព្រឹកស្អែក​ចាំ​សួរនាំ ​និង​រក​ខុស​ត្រូវជា​បន្តទៀត៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114