ព័ត៍មានទាន់​ហេតុការណ៏
Search

អាសូរ​ណាស់! ​ប្តី​រង​របួស​ធ្ងន់ សុខចិត្ត​អង្គុយ​មើល​សព​ប្រពន្ធ​ ទោះ​គេ​ប្រាប់​ឲ្យ​ទៅ​ពេទ្យ​ព្យាបាល​ក៏​មិន​ព្រម​ដែរ

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​សាក្សី​អះអាង​ថា ដោយសារ​រថយន្ត​បើកបរ​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង បណ្ដាល​ឲ្យ​មនុស្សម្នា​ក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​ រង​របួស ​ចំណែក​អ្នក​បើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់​ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ភូមិ​វាល​ស្បូវ ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​ ភោក នៅ ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ ​មុខរបរ​កម្មការិនី​រោងចក្រ​។​ ដោយ​ប្តី​ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី ​ហើយ​រងរបួស ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ឈ្មោះ ​អ៊ុ​ល រដ្ឋា ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​កង់​បី ​ស្នាក់នៅ​ភូមិ​សាលារៀន​ ឃុំ​បាសាក់​ស្រុក​ស្វាយជ្រុំ​ ខេត្ត​ស្វាយរៀង​។​

តាម​ប្រភព​ព័ត៌មាន​ពី​ លោក​វរសេនីយ៍ទោ​ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ នៅវេលា​ម៉ោង​០០​និង​៥០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៧​ឧសភា​នេះ ​រថយន្ត​បង្ក​ម៉ាក​ព្រូ​ស ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL 04 27 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ​លុះ​ទៅដល់​ចំណុចកើតហេតុ​ ស្រាប់តែ​ទៅ​បុក​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿងក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ បណ្ដាល​ឲ្យ​ម៉ូតូ​ និង​រថយន្ត​ខ្ទាត​មក​ស្តាំ​ដៃ​ម៉ូតូ​កង់​បី​បណ្តាល​ស្ត្រី​រងគ្រោះ​ដែល​ជិះ​កង់​បី​ជាមួយ​ប្តី​បាន​ស្លាប់។ ចំណែក​ប្តី​រង​របួស​ធ្ងន់ ​រីឯ​អ្នក​បើក​កង់​បី​ម្នាក់ទៀត​បាន​រងរបួស ​និង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់ ​បន្សល់ទុក​តែ​បុរស​ជា​ប្តី​ដែល​រង​របួស​មិន​សុខចិត្ត​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទេ ​គឺ​សុខចិត្ត​អង្គុយ​មើល​សព​ប្រពន្ធ​គួរ​ឲ្យ​អាណោចអាធ័ម​យ៉ាង​ពន់ពេក​។​

តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ គឺ​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​បើកបរ​លឿន​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114