ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ដាក់ទណ្ឌកម្ម​ជនជាតិ​រុស្ស៊ី​ពាក់ព័ន្ធ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ថ្វីបើ​មានការ​ស្ដារ​ទំនាក់ទំនង

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្ស៊ី​ចំនួន​៥​នាក់​ជុំវិញ​ការ​រំលោភ​បំពាន​ដោយ​រួម​ទាំង​ការ​សម្លាប់​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់​ផង​ដែរ​។ ការ​ដាក់ទណ្ឌកម្ម​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កិច្ចចរចា​ថ្នាក់ខ្ពស់​ដែល​ហាក់​ដូចជា​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ​។

ក្រសួងការបរទេស​បាន​គូស​បញ្ជាក់​អំពី​សកម្មភាព​ប្រឆាំង​នឹង​មនុស្ស​ចំនួន​៥​នាក់​បូក​នឹង​អង្គភាព​មួយ​ផង​ដែរ​នៅ​ពេល​ដែល​ខ្លួន​ដាក់​ជូន​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ដែល​ទាមទារ​ដោយ​សភា​ស្តី​ពី​សកម្មភាព​ដែល​អនុវត្ត​ក្រោម​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។

ច្បាប់​នេះ​ដែល​ទប់ស្កាត់​ទ្រព្យសម្បត្តិ​អាមេរិក​របស់​មនុស្ស​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​និង​រារាំង​ពួកគេ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​គឺ​ត្រូវ​បាន​ដាក់ឈ្មោះ​តាម​លោក Sergei Magnitsky ដែល​ជា​គណនេយ្យករ​ប្រឆាំង​អំពើពុករលួយ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង​កាលពី​ឆ្នាំ​២០០៩​។

​ក្នុងចំណោម​មនុស្ស​៥​នាក់​ដែល​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ថ្មី​គឺ​មាន​លោក Ruslan Geremeyev ដែល​ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​នៅ​ក្នុង​តំបន់​ចលាចល North Caucasus នៃ​សាធារណរដ្ឋ Chechnya ដែល​ជិត​ស្និត​ទៅ​នឹង​មេដឹកនាំ​របស់​ខ្លួន​ឈ្មោះ Ramzan Kadyrov​។

​លោក Geremeyev បាន​ប្រឈម​នឹង​ការចោទប្រកាន់​អំពី​ការចូលរួម​ក្នុង​ការ​សម្លាប់​លោក Boris Nemtsov កាលពី​ឆ្នាំ​២០១៥​នៅ​ក្នុង​ទីក្រុង​មូស្គូ​។ លោក Nemtsov គឺជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ដែល​បាន​ក្លាយ​ទៅជា​អ្នក​រិះគន់​ឈានមុខ​លើ​លោក​ប្រធានាធិបតី Vladimir Putin​។

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​រុស្ស៊ី​បាន​ព្យាយាម​ពីរ​ដង​មក​ហើយ​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ពី​ការចោទប្រកាន់​ប្រឆាំង​លោក Geremeyev ថា​ជា​អ្នក​រៀបចំ​ការ​សម្លាប់​លោក Nemtsov ដែល​ជា​ការ​ស្លាប់​នៃ​អ្នកប្រឆាំង​ជាន់ខ្ពស់​បំផុត​ចាប់​តាំងពី​លោក Putin ឡើង​កាន់​អំណាច​កាលពី​ពីរ​ទសវត្សរ៍​មុន​។

សហរដ្ឋអាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​អ្នកស៊ើប​អង្កេត​រុស្ស៊ី​២​នាក់​ឈ្មោះ Elena Anatolievna Trikulya និង Gennady Vyacheslavov Karlov ផងដែរ​ពីបទ​លាក់បាំង​ការពិត​អំពី​ការស្លាប់​និង​ការ​ឃុំឃាំង​លោក Magnitsky ។​ ​គួរ​បញ្ជាក់ថា ការដាក់​ទណ្ឌកម្ម​នេះ​បាន​កើតឡើង​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ជួប​លោក Putin នៅក្នុង​រមណីយដ្ឋាន Sochi ដោយ​ភាគី​ទាំងសងខាង​មាន​សុទិដ្ឋិនិយម​ក្នុងការ​ស្វែងរក​កន្លែង​ដែល​ត្រូវ​ធ្វើការ​រួមគ្នា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114