ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នកស្លាប់​ក្នុងការ​បាក់​អគារ​នៅ​ទីក្រុង​ស៊ា​ង​ហៃ​កើន​ឡើង​ដល់​១០​នាក់

រដ្ឋាភិបាល​ក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​បាក់​អគារ​ពាណិជ្ជកម្ម​ក្រុង​ស៊ា​ង​ហៃ​ដែល​កំពុង​ជួសជុល​គឺ​បាន​កើន​ឡើង​ដល់​១០​នាក់​ហើយ​ បន្ទាប់ពី​ជនរងគ្រោះ​៣​នាក់​បន្ថែម ទៀត​ត្រូវ​បាន​គេ​រាប់បញ្ចូល​។ប្រហែល​ពាក់​កណ្ដាល​នៃ​អគារ​កម្ពស់​ទាប​នេះ​បាន​បាក់​នៅ​វេលា​ថ្ងៃ ត្រង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​សង្កត់​លើ​កម្មករ​សំណង់​ដែល​កំពុង​ធ្វើការ​នៅ​ខាងក្រោម​។

​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ចំនួន​២៥​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គំនរ​បាក់បែក​ប៉ុន្តែ​ក្នុង​នោះ​មាន​១០​នាក់​បាន​ស្លាប់​ដោយសារ​របួស​។សេចក្តី​ប្រកាស​ចុងក្រោយ​បំផុត​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​រដ្ឋាភិបាល​ទីក្រុង​នេះ​គឺ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា​តើ​មាន​អ្នក​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​ដែរ​ឬក៏​អត់​ប៉ុន្តែ​បាន​បន្ថែម​ថា ការងារ​ស្វែងរក​និង​ជួយសង្គ្រោះ​បាន​បញ្ចប់​ហើយ​។​​សេចក្តី​ប្រកាស​បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ព្យាបាល​អ្នករបួស​។

អ្នកកាសែត​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា បុគ្គលិក​ជួយសង្គ្រោះ​បាន​ទាញ​កម្មករ​ដែល​ពោរពេញ​ដោយ​ឈាម​និង​ប្រឡាក់​ដោយ​ធូលី​ចេញពី​គំនរ​បាក់បែក​កាលពីរ​សៀ​ល​និង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ក្រសួង​គ្រាអាសន្ន​ជាតិ​បាន​និយាយថា អគារ​នេះ​ពីមុន​ត្រូវបាន​គេ​ប្រើប្រាស់​ជា​កន្លែង​លក់​រថយន្ត​ម៉ាក Mercedes-Benz ។ ប៉ុន្តែ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ឲ្យ​ដឹងថា អចលនទ្រព្យ​នេះ​បាន​ផ្លាស់ប្តូ​រហើយ​កំពុង​ត្រូវបាន​កែលម្អ​ឡើងវិញ​។

​គួរ​បញ្ជាក់​ថា ប្រទេស​ចិន​មិនមែនជា​រឿង​ចម្លែក​ទេ​ចំពោះ​ហេតុការណ៍​បាក់​អគារ​សម្លាប់​មនុស្ស​។ ជាទូទៅ​វា​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​នេះ​ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ការចំណាយ​ដោយ​ក្រុមហ៊ុន​សាងសង់​និង​ការ​រំលោភបំពាន​ច្បាប់​សុវត្ថិភាព​ធ្ងន់ធ្ងរ​។មនុស្ស​យ៉ាងតិច​២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឆ្នាំ​២០១៦​នៅ​ពេល​ដែល​អគារ​ច្រើន​ជាន់​ដែល​ពោរពេញ​ទៅដោយ​កម្មករ​អន្តោរ​ប្រវេសន៍​បាន​បាក់​នៅ​ក្នុង​ទីក្រុង Wenzhou ភាគ​ខាងកើត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114