ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​និយាយ​ថា គ្មាន​ការចរចា​ជាមួយ​អាមេរិក​ទេ​ ខណៈ​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​កំពុង​កើន​ឡើង

​​ស្រប​ពេល​មាន​ភាព​តានតឹង​កាន់តែ​កើន​ឡើង​នៅ​ក្នុង​ឈូង​សមុទ្រ ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​ការ​ចរ​ចារ​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​បាន​និយាយ​ថា ខ្លួន​កំពុង​បង្ហាញ​ការ​អត់ធ្មត់​ជា​អតិបរមា​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បញ្ជូន​កង​កម្លាំង​យោធា​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​នេះ​ប្រឆាំង​នឹង​អ្វីដែល​ខ្លួន​អះ​អាងថា​ជាការ​គំរាមកំហែង​ដែល​ជិត​កើតឡើង​ពី​ទីក្រុង​តេ​រ៉ង់​។

​ទន្ទឹម​នឹង​នោះដែរ មន្ត្រី​អាមេរិក​បាន​និយាយ​ថា ការ​ដាក់​ពង្រាយ​ក្រុម​វាយប្រហារ​នៃ​នាវា​ដឹក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​ឈូង​សមុទ្រ​ដែល​ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក​គឺជា​ប្រតិកម្ម​តប​ទៅ​នឹង​រូបថត​ដែល​បង្ហាញ​ថា​ប្រទេស​អ៊ីរ៉ង់​បាន​ដាក់​មី​ស៊ី​ល​ទៅលើ​ទូក​តូចៗ​។

​នៅ​ទីក្រុង​តូ​ក្យូ​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​ជប៉ុន​, រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ហៅ​ភាព​តានតឹង​ជាមួយ​អាមេរិក​ថា “​មិនអាច​ទទួលយកបាន​ទេ​”​។លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គ្មាន​លទ្ធភាព​នៃ​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។ ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​លោក​ប្រធានាធិបតី President Trump មាន​ទំនុកចិត្ត​ទេ​។

​កាលពី​ថ្ងៃ​ពុធ លោក Trump បាន​ព្យាករណ៍​ថា ប្រទេស​អ៊ីរ៉ង់​នឹង​ចង់​ចរចា​នាពេល​ឆាប់ៗ​នេះ​បើទោះ​បីជា​ក្រសួងការបរទេស​បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​បុគ្គលិក​ភាគច្រើន​ចេញពី​ស្ថានទូត​អាមេរិក​និង​ស្ថាន​កុងស៊ុល​នៅ​អ៊ីរ៉ាក់​ដោយ​បារម្ភ​អំពី​ការវាយប្រហារ​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ង់​ក៏ដោយ​។

​សេត​វិមាន​និង​មន្ទីរ​បញ្ច​កោណ​នៅតែ​ស្ថិត​ក្រោម​សម្ពាធ​ឲ្យ​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​បង្កើន​កម្លាំង​ដ៏​ធំ​និង​ការ​បង្កើន​វោ​ហា​សាស្ត្រ​ក្នុង​រយៈពេល​១១​ថ្ងៃ​ចុង​ក្រោយនេះ​។ក្រុម​ប្រដាប់​អាវុធ​គាំទ្រ​អ៊ីរ៉ង់​សំខាន់ៗ​ចំនួន​ពីរ​នៅ​អ៊ីរ៉ាក់​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ពួកគេ​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​ទីតាំង​ផ្នែក​ការទូត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​។

​លោក Nasr al-Shomari មេបញ្ជាការ​យោធា​របស់​ក្រុម Harakat al-Nujaba ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​ប្រាប់ AFP ថា ការ​អះអាង​នេះ​គឺជា​លេស​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​បង្កើត​ការប៉ះ​ទង្គិច​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114