ព័ត៍មានទាន់​ហេតុការណ៏
Search

បើកឡាន​ដឹក​ដី​លឿន​ពេក ​បណ្តាល​ឲ្យ​ម៉ូតូ​បុក​រថយន្ត​តូច ​ខ្ទាត​ចូល​ក្រោម​ឡាន ​កិន​ស្លាប់​៣​នាក់​​

​បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ បានកើត​ឡើង​ រវាង​អ្នកជិះ​ម៉ូតូ​១​គ្រឿង​ ជិះ​គ្នា​៣​នាក់ ​ឡើង​វ៉ា​រថយន្ត​ក្នុង​ល្បឿន​លឿន ​ស្រាប់តែ​ខ្ទាត​ចូល ​ឡាន​ដឹក​ដី​បើក​លឿន​មក​ដល់​បណ្តាល​ឲ្យ​កិន​មនុ​ស្សទាំង​៣​នាក់ ​ក្នុងនោះ​មាន​ស្រី​ម្នាក់​ ស្លាប់​ទាំងអស់​ នៅ​នឹង​កន្លែង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

នគរបាល​ចរាចរណ៍​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1I-1949 ជិះ​គ្នា​៣​នាក់​ បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ​លុះ​ជិះ​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ពីក្រោយ​រថយន្ត​តូច​ដែល​បើក​នៅ​ពីមុខ​ក្តាប់​ភិនភាគ​រថយន្ត​ពុំបាន ​បណ្តាល​ឲ្យ​ដួល​ខ្ទាត ចូល​ក្រោម​រថយន្ត​ធំ​ដឹក​ដី ម៉ាក ហ្វុ​យ​សូ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3754 បើក​ច្រាសទិស​គ្នា​ពី​ទិសខាងកើត​ទៅ​លិច បណ្តាល​ឲ្យ​កិន​ស្លាប់​ទាំង​៣​នាក់​តែម្តង​។​

នគរបាល​ចរាចរណ៍​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ សព​ជនរងគ្រោះ​ទាំង​៣​នាក់​មាន ១.ឈ្មោះ ផាត ភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នក​បើកបរ​ម៉ូតូ​ ,២​.ឈ្មោះ ផាត ភាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​រួម​ដំណើរ​ម៉ូតូ​ ,៣​.ឈ្មោះ ស្រី តំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ​​អ្នក​រួម​ដំណើរ ​អ្នក​ទាំង​បីនាក់ រស់នៅ​ភូមិ​ក្បាល​ថ្នល់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​បវេល ខេត្ត​បាត់ដំបង។

​នគរបាល​ចរាចរណ៍​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​មូលហេតុ​មកពី អ្នក​បើ​ម៉ូតូ​មិន​ប្រយ័ត្ន​នៅពេល​មាន​ឧបសគ្គ ចំណែក​អ្នកបើករថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ក៏​ខ្វះ​ការប្រុងប្រយ័ត្ន​ដែរ​។

​ក្រោយពី​កើត​ហេតុ​ហើយ ​អ្នក​បើក​រថយន្ត ឈ្មោះ ហេង វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទះ ថៅកែ​ឈ្មោះ កុយ ស្ថិតក្នុង ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​នាំមក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114