ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ទិញ​និង​ដឹក​ប្រេង​នៅ​អាស៊ី​ចាប់ផ្ដើម​ប្រុងប្រយ័ត្ន​ខ្លាំង ក្រោយ​មានការ​វាយប្រហារ​កប៉ាល់​របស់​អារ៉ាប៊ីសាអ៊ូឌីត​

ក្រុមហ៊ុន​ដឹក និង​ចម្រាញ់​ប្រេង​ក្នុង​តំបន់​អាស៊ី​បានដាក់​កប៉ាល់​ដែល​ធ្វើដំណើរ​ឆ្ពោះទៅកាន់​មជ្ឈិមបូព៌ា​ក្នុងការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រំពឹងថា​នឹងមាន​ការពង្រឹង​ណាមួយ​លើ​ធានារ៉ាប់រង​ផ្លូវទឹក បន្ទាប់ពី​ករណី​វាយប្រហារ​ទូក​ដឹក​ប្រេង និង​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​ពុធ​។​

តួយ៉ាង​កាលពី​ថ្ងៃ​ចន្ទ​នេះ យន្តហោះ​គ្មាន​អ្នកបើក​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​បាន​វាយប្រហារ​ស្ថានីយ​បូម​ប្រេង​ចំនួន​២​កន្លែង​របស់​ក្រុមហ៊ុន Saudi Aramco និង​បង្ខំ​ឱ្យ​អ្នក​ផលិត​របស់​រដ្ឋ​បិទ​បំពង់​បង្ហូរ​ប្រេង​ខាងកើត​និង​ខាងលិច ដែល​គេ​ស្គាល់​ថា Petroline​។ ការវាយប្រហារ​ធ្វើឡើង​២​ថ្ងៃ​បន្ទាប់ពី​មានការ​បំផ្លិចបំផ្លាញ​នាវា​ដឹក​ប្រេង​៤​គ្រឿង ដែល​ក្នុងនោះ​២​គ្រឿង​ជា​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​ប្រទេស​ស្ថិត​នៅក្បែរ​អារ៉ាប់​រួម​។​

ការវាយប្រហារ​ទាំងនេះ​បានធ្វើឱ្យ​តម្លៃ​ប្រេង​ទូទាំង​ពិភពលោក​មានការ​ឡើង​ថ្លៃ​ជាង​១%​កាលពី​ថ្ងៃ​ចន្ទ ដោយ​បន្ថែម​លើ​តម្លៃ​ដើម​សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​អាស៊ី​ដែល​កំពុងតែ​ត្រូវ​បង់ថ្លៃ​ធានារ៉ាប់រង​ខ្ពស់បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​សម្រាប់​ទំនិញ​ដាក់លក់​ក្នុង​ទីផ្សារ​ដែល​កំពុងមាន​ភា​ព​តឹងតែង​ស្រាប់​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ឈប់​ការលើកលែង​ទណ្ឌកម្ម​សម្រាប់​ក្រុមហ៊ុន​ទិញ​ប្រេង​របស់​អ៊ីរ៉ង់​ក្នុង​ខែ​នេះ​។​

ប្រភពពី​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​អាស៊ី​ខាងជើង​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា “​វា​ជា​រឿង​ដ៏​ឈឺក្បាល​មួយ​សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​អាស៊ី​ខាងជើង​ដែល​ត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការផ្គត់ផ្គង់​ប្រេង​ពី​មជ្ឈិមបូព៌ា​មក ហើយ​បច្ចុប្បន្ន​យើង​កំពុង​ត្រួតពិនិត្យ​ស្ថានភាព​នេះ​។ វា​ជា​កត្តា​ដែល​មិន​អំណោយផល​ទាល់តែសោះ​ដល់ទី​ផ្សារ​ប្រេង​ឆៅ​ទាំងមូល​ថា​អាច​ដំឡើងថ្លៃ​បាន​នោះ​។​”

អាស៊ី​ទទួលបាន​ប្រេង​ឆៅ​ជិត​៧០%​ពី​មជ្ឈិមបូព៌ា ហើយ​ការរំខាន​ដល់​ផលិតកម្ម​ប្រេង បរិក្ខារ​ផ្ទុក​ប្រេង ឬ​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ​ដូចជា ច្រក Hormuz ជាដើម​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាស៊ី​។ ជាធម្មតា នាវា​ដឹក​ប្រេង​ត្រូវ​ចាក់​ប្រេង​ចូល​នៅឯ​កំពង់ផែ Fujairah របស់​អារ៉ាប់​រួម ដែលជា​កន្លែង​ផ្ទុក​ប្រេង​ដ៏​ធំជាងគេ​ក្នុង​ពិភពលោក និង​ជា​កន្លែង​ដែល​ការវាយប្រហារ​កប៉ាល់​បាន​កើតឡើង​នោះដែរ​៕ REUTERS
​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114