ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ​ត្រៀម​ប៉ះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ World Cup ប្រចាំ​ទ្វីប

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ប៉ា​គី​ស្ថាន បាន​ចាប់ឆ្នោត​ប៉ះ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ពិភពលោក​ឆ្នាំ​២០២២ ដែល​ប្រទេស​កាតា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​(2022 Qatar FIFA World Cup) ប្រចាំ​ទ្វីបអាស៊ី ខណៈ​ក្រុម​ប៉ា​គី​ស្ថាន បាន​ចេញ​យុទ្ធនាការ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង​ដាក់​ផែនការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ មុន​ប្រកួត​ផ្លូវការ​មកដល់​។

សហព័ន្ធ​កីឡាបាល់ទាត់​ប៉ា​គី​ស្ថាន បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ៣២​រូប​ដើម្បី​ចូល​ជំរំ​ហ្វឹកហាត់ ពី​ចាប់ពី​ថ្ងៃទី​០៥ ខែ​ឧសភា រហូតដល់​ថ្ងៃទី​០៣ ខែមិថុនា ដែល​មាន​រយៈពេល​៣០​ថ្ងៃមុន​ប្រកួត​ផ្លូវការ​មកដល់​៣​ថ្ងៃ​ដែល​ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ សារព័ត៌មាន​ក្នុងស្រុក​របស់​ប៉ា​គី​ស្ថាន បានបញ្ជាក់​ថា​ លោក Jose Antonio Nogueira ដែលជា​គ្រូបង្វឹក បាន​រៀបចំ​ផែនការ​ដ៏​ល្អ​មួយ​ដើម្បី​ត្រៀម​ក្នុង​ការប្រកួត​ដ៏​តឹងតែង​ជា​មួយ​នឹង​កម្ពុជា ដោយ​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ប៉ា​រ៉ែ​ន ហើយ​ក្រុម​នេះ​នឹង​មាន​ប្រកួត​កម្ដៅ​សាច់ដុំ​មួយចំនួន​ជាមួយ​ក្លិប​នៅ​បា​រ៉ែ​ន​ផងដែរ​។

ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៣២​រូប​ ដែល​ភាគច្រើន​រើស​ចេញពី​កីឡាករ​ក្នុងស្រុក​នោះ​មានដូចជា​អ្នកចាំទី​Saqib Hanif (SSGC), Ahsanullah (SSGC), Tanvir Mumtaz (KRL), Mohammad Fahim (Muslim FC), Sumair (PCAA)​។ ចំណែក​ខ្សែការពារ​មាន​Umar Hayat (WAPDA), Arslan Ali (KRL), Naved Ahmed (Navy), Mehdi Hassan (PAF), Ali Khan Niazi (K-Electric), Mohammad Shahid (KRL), Waseem Asghar (PCAA), Mohammad Bilal (WAPDA)​។ សម្រាប់​ខ្សែបម្រើ​មាន​កីឡាករ Umair Ali (KRL), Mehmood Khan (SSGC), Saddam Hussain (SSGC), Zain-ul-Abdeen (K-Electric), Rajab Ali (KRL), Zaid Umar (KRL), Ali Uzair (WAPDA), Habib-ur-Rehman (SSGC), Mohammad Riaz (K-Electric), Izharullah (KRL)​។ ចុងក្រោយ​ខ្សែប្រយុទ្ធ​មាន Raziq (SSGC), Mansoor Khan (PAF), Yousuf Ahmed (KRL), Ahmed Fahim (WAPDA), Mohammad Naeem (PCAA), Shehzad (PCAA), Iftikhar (KRL), Sohail (PCAA), Sadullah (SSGC), Kaleemullah (Najaf FC​នៅ​អ៊ីរ៉ាក់​)​។

តាម​គម្រោង​ក្រុម​ជម្រើស​ជាតិ​ប៉ា​គី​ស្ថាន នឹង​ជួប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ជើង​ទី​១ នៅ​ថ្ងៃទី​០៦ ខែមិថុនា លើ​ទឹកដី​កម្ពុជា ខណៈ​ជើង​ទី​២ ត្រឡប់​មក​ទឹកដី​ប៉ា​គី​ស្ថាន វិញ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ដូចគ្នា​ដើម្បី​សម្រេច​សេចក្ដី​រក​ក្រុម​ឈ្នះ ដែល​ឡើង​ទៅ​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA Qatar World Cup) ប្រចាំ​ទ្វីបអាស៊ី​។

​ក្នុង​ទ្វីបអាស៊ី តម្រូវ​ឲ្យ​សមាជិក​ចំនួន​៤៦​ប្រទេស​ប្រកួត​ជម្រុះ​៤​វគ្គ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងរក​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​កៅអី​កន្លះ តំណាង​ឲ្យ​អាស៊ី ឡើង​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៅ​ចុង​ឆ្នាំ២០២២ ខាងមុខ​។ ចំពោះ​ក្រុម​កម្ពុជា ស្ថិតក្នុង​បញ្ជី​ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ដំបូង​ជាមួយ​ក្រុម​ចំនួន​១២​ផ្សេងទៀត​។ ចំណែក​៥​គូ​ផ្សេងទៀត​គឺ​ក្រុម​ម៉ុង​ហ្គោ​លី ប៉ះ​ប្រ៊ុយណេ ហើយ​ម៉ា​កាវ ជួប​ស្រីលង្កា ហើយ​ឡាវ​ប៉ះ​បង់​ក្លា​ដេ​ស ម៉ាឡេស៊ី ជួប​ទី​ម័​រ​ខាងកើត និង​ប៊ូ​តង់ ប៉ះ​កោះ​ហ្គា​ម​។ ក្រុម​ទាំង​៦​គូ​នេះ​ត្រូវ​ប៉ះ​គ្នា​២​លើក​ដោយ​ប្តូ​រទាំង​ដី​គ្នា ខណៈ​ប្រកួត​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែមិថុនា និង​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​១​ខែមិថុនា ឆ្នាំ​២០១៩​ដូចគ្នា​។

ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​ចំនួន​២​ជើង​ ដែល​មាន​៦​ក្រុម​នេះ​មានឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ដែលជា​ជុំ​ទី​២​ជាមួយ​ក្រុម​ខ្លាំង​៣៤​ផ្សេងទៀត ហើយ​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ នឹងមាន​ឈ្មោះ​ប្រកួត​បន្ត​នៅ​វគ្គ​ទី​៣​និង​វគ្គ​ទី​៤​រហូតដល់​រកឃើញ​ក្រុម​តំណាងឱ្យ​ទ្វីប​តែម្តង​។ កម្មវិធី​ប្រកួត​ទាំង​៤​វគ្គ​នេះចាប់​ផ្តើម​ពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០១៩ រហូតដល់​ថ្ងៃ​ទី១៦ ​វិច្ឆិកា ២០២១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114