ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម​ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សង់​ទ្វារ​ទឹក សង់ស្ពាន​បេតុង​៤​ទីតាំង​និង​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ

សៀមរាប​ ៖​ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ សំណង់​ទ្វារ​ទឹក មាន​ស្ពានបេតុង​ចំនួន​៤​ទីតាំង និង​ការស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ឡើង​ក្នុង​បំណង​ដើម្បី​បម្រើ​ផលប្រយោជន៍​នានា​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​បម្រើ​ប្រយោជន៍​ដល់​ដំណាំ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ សំណង់​ទ្វារ​ទឹក ស្ពានបេតុង និង​ការស្ដារ​ស្ទឹង​ទាំងនោះ ភាគច្រើន​ស្ថិតនៅ​ស្រុក​ពួក និង​ស្រុក​អង្គរធំ​។​

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សំណង់​ទ្វារ​ទឹក និង​ស្ពានបេតុង​ដែល​ត្រូវបាន​សាងសង់​នោះ រួមមាន សង់​ទ្វារ​ទឹក​នៅ​ស្ទឹង​ពួក ស្ថិតនៅ​ភូមិ​តាទក ឃុំ​ពួក​, សង់​ទ្វារ​ទឹក​នៅ​ភូមិ​ល្បើក ឃុំ​ដូន​កែវ​, សង់ស្ពាន​បេតុង​ឆ្លងកាត់​ស្ទឹង​ពួក ស្ថិតនៅ​ភូមិ​តាទក ឃុំ​ពួក ស្រុក​ពួក​, សង់ស្ពាន​បេតុង​ឆ្លង​ប្រឡាយ​រំដោះ​ទឹកជំនន់ នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ​។

ក្នុង​នោះ​ក៏​មាន​ការស្ដារ​ស្ទឹង​ព្រះ​ស្រុក​ប្រវែង ១,៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក និង​ស្ដារ​ស្ទឹង​ពួក​ប្រវែង ៣,២៧២​ម៉ែត្រ កាត់​៤​ភូមិ ក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

បន្ថែម​ពី​នេះ ក្នុង​របាយការណ៍​សង្ខេប​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​របស់​អាជ្ញាធរ​ជាតិ​អប្សរា នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ក៏បាន​ជួសជុល​សំណង់​ទ្វារ​ទឹក​តា​កាវ​ថ្មី​មាន​ប្រវែង ៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ និង​កម្ពស់​២​ម៉ែត្រ និង​ធ្វើការ​ជញ្ជូន​ដី​បិទ​តាម​ជើងទេរ​មាន​ទំហំ​៧៨​ម៉ែត្រគូប​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​ជាតិ អប្សរា បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ត​ស្តារ​ប្រឡាយ និង​សាងសង់​ស្ពានបេតុង​បន្ថែមទៀត​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពល​រដ្ឋ​មាន​ភាព​ងាយស្រួល​បន្ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114