ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន មន្ត្រី​ឥណទាន​ធនាគារ​ស្ថាបនា​ម្នាក់ ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​

​​ឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ អ៊ូ ចំ​រើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មន្ត្រី​ឥណទាន (​ធនាគារ​ស្ថាបនា​) ដែល​ស្នាក់នៅ ភូមិ​-​ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ការ​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី រំលោភ​លើ​ទំនុកចិត្ត ដែល​ប្តឹង​ចោទប្រកាន់​ពី​តំណាង​ធនាគារ ស្ថាបនា សាខា​ស្រុក​ត្រពាំង​ប្រាសាទ​។

ក្រោយពី​សមត្ថកិច្ច​ធ្វើការសួរនាំ​ ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​យក​លុយ​ដែល​អតិថិជន​បង់​ឲ្យ​ធនាគារ​តាមរយៈ​ខ្លួន ដែល​ជា​បុគ្គលិក​ទទួល​ផ្នែក​ឥណទាន ចំនួន​១២,៣៥០,០០០រៀល​ (​ដប់​ពីរ​លាន​បី​សែន​ប្រាំ​ម៉ឺន​រៀល​គត់​) ដោយ​បាន​ទទួលយក​ពី​អតិថិជន​ចំនួន​០៧​នាក់​។​

បច្ចុប្បន្ន​ ផ្នែក​ជំនាញ ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114