ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ​ករណី​ឆក់​ទ្រព្យសម្បត្តិ​៤​លើក ​នៅក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​១​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​៤​លើក ​នៅក្នុង​រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥និង០០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច​ផ្លូវ​រថភ្លើង ម្តុំ​វត្ត​នាគ​វ​ន្ត័ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ឆក់​ទ្រព្យសម្បត្តិ ) ក្នុង​រាជធានី​ភ្នំពេញ ចំនួន​០៤​ករណី។

ករណី​ទី​១.អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ឆក់​កាបូបស្ពាយ ពណ៌ ស ) ប្រព្រឹត្ត​នៅ​ចំណុច​ចុង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​១០​នាទី។

ករណី​ទី​២.អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ឆក់​កាបូប​ក្រវាត់​ចង្កេះ ពណ៌ ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៤D ផ្លូវ​លេខ​២០១ ក្រុម​១០ ភូមិ​២ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង១៣និង០៥​នាទី ជនរងគ្រោះ​ឈ្មោះ ខូវ ស៊ីវ​អាង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៦​អា ផ្លូវ​លេខ​២០១ ក្រុម​ទី​១០ ភូមិ​២ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ​សម្ភារៈ​បាត់បង់ កាបូប​ក្រវាត់​ចង្កេះ ចំនួន​០១ ,​ប្រាក់​ដុល្លារ​ជាង​១.០០០​ដុល្លារ​អាមេរិក ,​ប្រាក់រៀល ចំនួន​២.៨០០.០០០ រៀល ,​ប្រាក់​បាត​ថៃ ចំនួន​៣.៥០០​បាត ,​ទូរស័ព្ទ​ដៃ ចំនួន​០២​គ្រឿង និង​សម្ភារៈ​មួយចំនួន។

ករណី​ទី​៣.អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់ កាបូបដៃ ពណ៌ ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៣១ ពាក់​កណ្តាលផ្លូវ​លេខ​៦១៦ កែង​ផ្លូវ​លេខ​២៨៧ ក្រុមទី​៨៦ ភូមិ​ទី​១៩ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០៧,៣៥ នាទី ជនរងគ្រោះ ឈ្មោះ ស៊ុម ផល្លី ភេទ ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ​លេខ​១៦ ផ្លូវ​លេខ​៦១៨ ក្រុមទី​៨៣ សង្កាត់ បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មុខរបរ​គ្រូបង្រៀន​ សម្ភារៈ​បាត់បង់ កាបូបដៃ ពណ៌​ខ្មៅ ចំនួន​០១ ប្រាក់​រៀល​ចំនួន​ប្រហែល៥០​ម៉ឺន​រៀល ប្រាក់​ដុល្លារ​ប្រហែល ៤០ដុល្លារ​អាមេរិក ទូរស័ព្ទ​ដៃ​ម៉ាក២​គ្រឿង កាត​ATM ចំនួន០១ និង​កូនសោ មួយ​ចង្កោម។

ករណី​ទី​៤.អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់ កាបូបដៃ ពណ៌ ខ្មៅ ) នៅ​ចំណុច មុខផ្ទះ​លេខ​១ ផ្លូវ​លេខ​៦០០ ភូមិ​១២ ក្រុមទី​៥៣ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៤ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០៩​និង​៣០​នាទី ជនរងគ្រោះ ឈ្មោះ រស់ សុផល ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ សម្ភារៈ​បាត់បង់​មាន កាបូប​យួរដៃ ពណ៌ ពងមាន់ ដៃ​ពណ៌ ស ចំនួន ០១ ទូរស័ព្ទ​ដៃ២​គ្រឿង ប្រាក់​ដុល្លារ ចំនួន​៣.០០០​ដុល្លារ​អាមេរិក ប្រាក់រៀល ចំនួន​២.០០០.០០០ រៀល ចិញ្ចៀន​ពេជ្រ ចំនួន​០១​វង់ មាន​ដាំ​ត្បូង​ចំនួន​០៣​គ្រាប់ ត្បូង​នៅ​ចំ​កណ្តាល​ទំហំ​៨​លី ត្បូង​សងខាង​ចំនួន​០២​គ្រាប់ ក្នុង​មួយ​គ្រាប់ៗ​ទំហំ ៤​លី ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន​០១​សន្លឹក ប័ណ្ណ​បើកបរ​រថយន្ត ចំនួន​០១​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ខ្មែរ ចំនួន​០១​សន្លឹក កូន​កាបូបដៃ ពណ៌ ខ្មៅ ចំនួន​០១។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ គង់ ភារ​ម្យ ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៦០៨ ភូមិ​២២ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

បច្ចុប្បន្ន ​ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី ផ្ដន្ទាទោស​តាម​នីតិវិធី៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114