ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ប្រមាណ​ជិត​៣០​នាក់ នៅ​មោងឬស្សី ពុល​ក្ដាមប្រៃ ឥឡូវ​កំពុង​សង្គ្រោះ​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ ជិត​៣០​នាក់ ក្នុង​នោះ​មាន​ក្មេង មាន​ចាស់ ត្រូវ​បាន​ដឹកបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក មោងឬស្សី ជា​បន្តបន្ទាប់ ដើម្បី​សង្គ្រោះ បន្ទាប់ពី​ពួកគេ​មាន​អាការៈ​ក្អួត ចង្អោរ ឥតឈប់ឈរ ដែល​គេ​សង្ស័យថា​អាច​បណ្តាលមកពី​ការពុល​ចំណី​អាហារ។​

​យោងតាម​ការ​អះអាង​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី​ខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា ការដឹក​បញ្ជូន​អ្នកជំងឺ​ចូលទៅ​កាន់​មន្ទីរពេទ្យ​នេះ​ គឺ​ផ្តើមឡើង​នៅ​ល្ងាច​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​អ្នកជំងឺ​ម្នាក់ៗ មាន​អាការៈ ក្អួត ចង្អោរ និង រាករូស ដែល​ធ្វើ​ឲ្យ​ពួកគេ​មានការ​អស់​កម្លាំង និង​មាន​សភាព​ស្លេកស្លាំង​យ៉ាង​ឆាប់រហ័ស។​

​របាយការណ៍​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ចូលទៅ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​សរុប​មាន​ចំនួន១៥ នាក់ និង​ប្រមាណ​ជាង១០នាក់​ទៀត នៅ​សម្រាក​ព្យាបាល​តាម​គ្លីនិក​ឯកជន ហើយ​ពួកគេ​មាន​ពី ឃុំ​គារ ឃុំ​តា​លាស់ ឃុំ​ជ្រៃ ឃុំ​ព្រៃតូច​ ឃុំ​របស់​មង្គល និង ភាគច្រើន​មកពី​ឃុំ​មោង តែម្តង ដោយសារ​តែ​ឃុំ​នេះ នៅ​ជាប់​នឹង​ទីប្រជុំជន និង​ជាប់​ទីផ្សារ​តែម្តង។​

​តាម​ការស្រាវជ្រាវ​ពី​ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា អាការៈ​ដែល​កើតមានឡើង​ទៅលើ​ប្រជាពលរដ្ឋ​ទាំង​នោះ ដោយសារតែ​ពួកគាត់​នាំគ្នា​ទិញ​ក្ដាមប្រៃ​នៅក្នុង​ផ្សារ​មោង យក​ទៅ​បរិភោគ គឺ​មានន័យថា បញ្ហា​ទាំងនេះ​ គឺ​បណ្តាលមកពី​ការ​ពុល​ក្ដាមប្រៃ​តែម្តង។​

​រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃទី​១៨​នេះ អ្នកជំងឺ​មួយចំនួន​បាន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅកាន់​លំនៅ​ដ្ឋាន​វិញ​ហើយ ដោយសារតែ​ការសង្គ្រោះ​បាន​ធ្វើ​ឡើង​ទាន់ពេលវេលា។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ក៏​មាន​ប្រភព​មួយចំនួន​បានលើកឡើង​ថា គេ​សង្ស័យ​ទៅលើ​ក្តាម​ដែល​គេ​ចាប់​យកមក​ត្រាំ ចេញពី​ស្រែ​ដែល​ម្ចាស់​ស្រែ​បាញ់ថ្នាំ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ពុល​បែបនេះ ប៉ុន្តែ​មិនមាន​ការ​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ ដោយសារតែ​ពេលនេះ​អាកាសធាតុ​មាន​កម្តៅ​ក្តៅ​ខ្លាំង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114