ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ និង​ក្រុម​សិក្សា​បច្ចេកទេស​អង្គការ​Jica ប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អុយ ក្នុង​គម្រោង​ទឹកប្រាក់​២៧​លាន​ដុល្លារ​

ភ្នំពេញ ​៖ ក្រុមការងារ​បច្ចេកទេស ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​ក្រុម​សិក្សា​បច្ចេកទេស​ជប៉ុន ​នៃ​អង្គការ​Jica កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​លើ​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អុយ ក្នុង​គម្រោង​ទឹកប្រាក់​២៧​លាន​ដុល្លារ ដែល​មាន​ទីតាំង​នៅ​តំបន់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

លោក សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា គ្រោង​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៧​លាន​ដុល្លារ ជា​ជំនួយ​ដែល​ផ្តល់ជូន ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA​។

យើង​នឹង​ទទួល​បាន​គម្រោង​JICA ​ដើម្បី​សាងសង់​រោងចក្រ ចម្រាញ់​ទឹក​ស្អុយ​ជំហាន​ទី​មួយ ដែល​មាន​ទឹកប្រាក់​ប្រមាណ​២៧​លាន​ដុល្លារ នៅ​ជើងឯក ខណៈដែល​រាជធានី​ភ្នំពេញ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត​ទឹក​កខ្វក់ មុននឹង​បង្ហូរ​ចូល​ទន្លេ និង​បឹងបួរ​នៅឡើយ​នោះ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានការ​បំពុល​ទឹកទន្លេ និង​បឹងបួរ​មួយចំនួន នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង ដូចជា បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង អណ្ដូង​លូ​គ្រប់​ប្រភេទ ,​ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង ប្រឡាយ​បេតុង និង​ស្ថានីយ​បូមទឹក​ជំវិញ​ទីក្រុង​ចំនួន​១៤​ស្ថានីយ ក្នុង​នោះបាន​នឹង​កំពុង​សាងសង់​ស្ថានីយ​ថ្មី​ចំនួន​៣​កន្លែង​ដែល​បង្កើន​សមត្ថភាព​បូម៣​ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114