ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំប្លែង​ជើងចាស់​ លោកយាយ ណ​យ សំណាង ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​១​ពាន់​ដុល្លារ​ព្យាបាល​ជំងឺ​

​ភ្នំពេញ ៖ ស្រប​ពេលដែល​សមត្ថភាព​សម្តែង​សិល្បៈ​ ត្រូវបាន​បាត់បង់​ទាំងស្រុង​ និង​មាន​ជំងឺ​ប្រចាំ កាយ ជួប​ការខ្វះខាត​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​តារា​កំប្លែង​ជើងចាស់​ លោកយាយ ណ​យ សំណាង កាល​ពី​ថ្ងៃទី​១៧ ខែ​ឧសភា ម្សិលមិញ ​បានទទួល​អំណោយ​ថវិកា​ពី​សប្បុរសជន​ចំនួន​១​ពាន់​ដុល្លារ​ដើម្បី​ទុក​ព្យាបាល​ជំងឺ​។​

បើតាម​ការបញ្ជាក់​ពី​ម្ចាស់​Account Facebook ឈ្មោះ អូន ទេព​ពីរ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​ដោយ​មើល​ឃើញ​ស្ថានភាព​លំបាក​របស់​អ្នកសិល្បៈ​ជើងចាស់​ផ្នែក​ចម្រៀង​អា​យ៉ៃ​ឆ្លងឆ្លើយ លោកយាយ ណ​យ សំណាង ដែល​បច្ចុប្បន្ន​លោកយាយ​មាន​អាយុ​៧៧​ឆ្នាំ ហើយ​លោកយាយ​មាន​ជីវភាព​លំបាក ​ថែម​ទាំង​មាន​ជំងឺ​ប្រចាំកាយ ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ជំងឺ​ ទើប​បងស្រី​កូវ ច័ន្ទ​សុវណ្ណារិទ្ធ​(​បង​ភាព​)​ បាន​ចាត់តាំង​តំណាង​ពី​ខាង​សិប្បកម្ម​រ៉ា​រី​ឲ្យ​យក​អំណោយ​ជា​ថវិកា​ចំនួន​១០០០ ដុល្លារ​អាមេរិក​។​

ប្រភព​បាន​បន្តថា ​ថវិកា​នេះ​ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​លោកយាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​ព្យាបាល​ជំងឺ​ និង​ទិញ​ថ្នាំសង្កូវ​ផ្សេងៗ​។​ តាមពិត​បងស្រី​មានបំណង​ទៅ​ជួប​សួរសុខទុក្ខ​លោកយាយ​ដោយ​ផ្ទាល់​ដែរ​ ប៉ុន្តែ​បងស្រី​មានធុរៈ​បន្ទាន់​ទើប​មិនអាច​ចុះទៅ​ជួប​លោកយាយ​បាន​ពេលនេះ​។ សូម​បួង​សួងឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​លោកយាយ ណ​យ សំណាង សូម​មាន​សុខ​ភាព​ល្អ ព្រមទាំង​បងស្រី ភាព និង​ក្រុមគ្រួសារ សូម​ជួបប្រទះ​តែ​សេចក្តីសុខ សុភមង្គល ជោគជ័យ​គ្រប់​ភារកិច្ច និង​រីកចម្រើន​ក្នុង​មុខរបរ​អាជីវកម្ម​។​

តាមរយៈ​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​ និង​លើកសរសើរ​ទឹកចិត្ត​របស់​ម្ចាស់​ជំនួយ​ខាងលើ​ ដែល​បាន​យកចិត្ត​ទុក​ដាក់​ និង​មើល​ឃើញ​ពី​ក្តី​អាណិត​អាសូរ​ឧបត្ថម្ភ​ថវិកា​១​ពាន់​ដុល្លារ​ដល់​វីរៈ​សិល្បករ​ជើងចាស់ ​ដែល​កំពុង​បាត់បង់​សមត្ថភាព​សម្តែង​ និង​មាន​ជំងឺ​ប្រចាំការ​រហូត​សុខភាព​ធ្លាក់​ចុះ​ទ្រុឌទ្រោម​ គឺ​លោកយាយ ណ​យ សំ​ណា នា​ពេល​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114