ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​ក្លឹប បើក​រថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ វៀច​អស់​បួន​កង់ រួច​បើក​រត់​រាប់​រយ​ម៉ែត្រ​បែក​កង់​ទៅមុខ​លែង​រួច

ភ្នំពេញ ​៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​វៀច​អស់​បួន​កង់ ក្រោយពី​ម្ចាស់​វា​ចេញពី​ក្លឹប​ស្រវឹងធ្លាក់ភ្នែក បញ្ជា​រថយន្ត​ទៅបុក​យ៉ាង​ពេញទំហឹង​នោះ ហើយ​ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​រាប់រយ​ម៉ែត្រ​បែក​កង់​ទៅមុខ​លែងរួច ទើប​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡាង​ល្បាត​ឃើញ​ធ្វើ​ការឃាត់​រថយន្ត​ភ្លាមៗ​តែម្តង​។​

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ខាងលិច​ស្តុ​ប​ចេនឡា ប្រមាណ​ជា​៣០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

យុវជន​ម្នាក់ ក្នុងចំណោម​បួន​នាក់ បាន​ឲ្យ​ដឹងថា ពួកគេ​ទើប​ចេញ​ក្លឹប​មួយកន្លែង ហើយ​បាន​បើក​រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2N-1823 បំណង​ត្រឡប់មកផ្ទះ ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាង​លើ ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​វៀច​អស់​បួន​កង់ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​រាប់​រយ​ម៉ែត្រ​ខ្ទេច​កង់​ខាងមុខ​ខាងឆ្វេង ​និង​ខូចខាត​មួយ​ចំហៀង​រថយន្ត​ផ្នែក​ខាងឆ្វេង​យ៉ាង​ដំណំ​ ទៅមុខ​លេង​រួច។ ​បន្ទាប់មក​ យុវជន​ទាំង​បួន​នាក់ បាន​នាំគ្នា​ដោះដូរ​កង់​រថយន្ត ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត តែ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡាង​ល្បាត​ឃើញ​ ធ្វើ​ការ​ឃាត់​រថយន្ត​បង្ក​ភ្លាមៗ​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើ​ការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114