ព័ត៍មានទាន់​ហេតុការណ៏
Search

អធិការបតី​រង​របស់​ប្រទេស​អូទ្រីស​ប្រឈមមុខ​នឹង​ការអំពាវនាវ​ឲ្យ​លាលែង​ពី​តំណែង​ជុំវិញ​រឿងអាស្រូវ​វីដេអូ

កាលពី​ថ្ងៃ​សុក្រ គណបក្សប្រឆាំង​របស់​ប្រទេស​អូទ្រីស ​បាន​អំពាវនាវ​ឲ្យ​មានការ​លាលែង​ពី​តំណែង​សម្រាប់​មេដឹកនាំ​ស្ដាំនិយម ​និង​ជា​អធិការបតី​រង​លោក Heinz-Christian Strache បន្ទាប់ពី​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ចោទប្រកាន់ថា លោក​បាន​សន្យា​ចំពោះ​កុងត្រា​រដ្ឋ​ជា​ថ្នូរ​នឹង​ជំនួយ​យុទ្ធនាការ​។​

កាលពី​ថ្ងៃ​សុក្រ កាសែត Der Spiegel និង Sueddeutsche Zeitung របស់​អាល្លឺម៉ង់​បានចេញ​ផ្សាយ​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​លាក់កំបាំង​អំពី​ប្រតិបត្តិការ​មួយ​ដែល​ពួកគេ​និយាយថា​បាន​ធ្វើឡើង​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត​សភា​ឆ្នាំ​២០១៧​នៅ​ប្រទេស​អូទ្រីស​។​

នៅក្នុង​វីដេអូ​នោះ លោក Strache និង​មិត្ត​រួមការ​ងារ​នៃ​គណបក្ស​របស់លោក​គឺ​សមាជិកសភា​ឈ្មោះ Johan Gudenus ត្រូវបាន​គេ​ឃើញ​កំពុង​ពិភាក្សា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​គេ​អះអាងថា​ជា​ក្មួយ​ស្រី​របស់​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​ម្នាក់​អំពី​របៀប​ដែល​នាង​អាច​វិនិយោគ​នៅក្នុង​ប្រទេស​អូទ្រីស​ជាពិសេស​ដើម្បី​ទទួលបាន​ការគ្រប់គ្រង​លើ​កាសែត​លក់ដាច់​បំផុត​របស់​ប្រទេស​នេះ​គឺ Krone Zeitung​។​

លោក Strache ត្រូវបាន​គេ​មើលឃើញ​ខណៈ​និយាយថា ម្ចាស់​ថ្មី​អាច​ផ្លាស់ប្តូរ​បុគ្គលិក​នៅ​កាសែត Krone ហើយ​ប្រើ​កាសែត​នេះ​ដើម្បី​ជួយ​គណបក្ស​សេរីភាព​របស់គាត់ (FPOe) នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ខ្លួន​។ លោក​បន្ត​លើកឡើងថា ស្ត្រី​នោះ​អាចនឹងទទួល​បាន​កិច្ចសន្យា​រដ្ឋ​។​

ទោះបីជា​យ៉ាងណាក៏ដោយ កាសែត​ទាំងពីរ​ដែល​ចុះផ្សាយ​វីដេអូ​នោះបាន​និយាយថា ពួកគេ​មិនមាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ស្តីពី​អ្នក​ដែល​បង្កើត​ប្រតិបត្តិការ​នៅក្នុង​វីឡា​ប្រណីត​លើ​កោះ Ibiza នោះទេ​។​

លោក Strache បាន​សារភាពថា កិច្ចប្រជុំ​នោះ​ពិតជា​បានធ្វើ​ឡើង​មែន​ប៉ុន្តែ​បដិសេធ​រាល់​ការធ្វើ​ខុស​។​
​គណបក្ស​សេរីភាព​បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​សកម្មភាព​ផ្លូវច្បាប់​នៅពេល​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​ខុសច្បាប់​។​

ស្របពេល​ជាមួយគ្នា​នោះ គណបក្សប្រឆាំង​ដ៏​សំខាន់​គឺ​គណបក្ស​សង្គមនិយម (SPOe) បានទាមទារ​ឲ្យ​លោក Strache និង​លោក Gudenus លាលែង​ពី​តំណែង​ដោយ​ហៅ​ការចោទប្រកាន់​នេះ​ថា​ជា​រឿងអាស្រូវ​ដ៏​ធំ​បំផុត​នៃ​សាធារណរដ្ឋ​ក្រោយ​សង្គ្រាម​របស់​អូទ្រីស​។​

ទន្ទឹម​នោះ គណបក្ស​សេរីនិយម NEOS បាន​គាំទ្រ​ដល់​ការអំពាវនាវ​នេះហើយ​ក៏បាន​និយាយ​ផងដែរ​ថា ការបោះឆ្នោត​សភា​ថ្មី​គឺ​មិនអាច​ចៀសបាន​នោះទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114