ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​មូស្លីម​នៅ​ប្រទេស​ស្រីលង្កា​ចាប់ផ្តើម​អធិដ្ឋាន​ក្នុង​វិហារ​ឥស្លាម​ដែល​ត្រូវកម្ទេច

ជន​មូស្លីម​របស់​ប្រទេស​ស្រីលង្កា​ បាន​ចូលរួម​ក្នុងការ​អធិស្ឋាន​ថ្ងៃ​សុក្រ ​ខណៈដែល​កងកម្លាំង​ប្រដាប់អាវុធ​និង​ប៉ូលិស​បានការ​ពារ​គ្រប់​វិហារ​ឥស្លាម​ទាំងអស់​ដោយ​រួមទាំង​នៅ​វិហារ​ដែល​រង​ការ​វាយកម្ទេច​យ៉ាងធ្ងន់ធ្ងរ​ក្នុង​កុបកម្ម​បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​អំឡុង​ពិធីបុណ្យ Easter ផងដែរ​។​

ប៉ូលិស​បាន​និយាយថា សន្តិសុខ​នឹង​នៅតែ​រឹតបន្តឹង​នៅ​ចុង​សប្តាហ៍​សម្រាប់​ពិធីបុណ្យ​របស់​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ​ក៏ដូចជា​ខួប​លើក​ទី​១០​នៃ​ការបញ្ចប់​សង្គ្រាម​បំបែក​ខ្លួន​តា​មិ​ល​រាប់​ទសវត្សរ៍​របស់​ប្រទេស​នេះ​ផងដែរ​។​

បព្វជិត​បាន​និយាយថា វិហារ​ឥស្លាម​ដែល​រង​ការខូចខាត​មួយចំនួន​បាន​សម្អាត​បំណែក​កញ្ចក់​និង​កំទេចកំទី​ដទៃទៀត​ហើយ​បានរៀបចំ​ពិធី​ជាមួយ​វត្តមាន​មនុស្ស​ជាច្រើន​។​
​លោក M. I. M. Siddeeque ដែលជា​អ្នកទទួលខុសត្រូវ​នៃ​វិហារ​ឥស្លាម Kinyama នៅក្នុង​ខេត្ត North-Western ដែល​រង​ផលប៉ះពាល់​អាក្រក់​បំផុត​ដោយសារ​កុបកម្ម​បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា “​យើង​មាន​មនុស្ស​ពី​៤៥០​ទៅ​៥០០​នាក់​។ មាន​ទាហាន​ចំនួន​៦​នាក់​នៅ​ខាងក្រៅ​វិហារ​និង​ប៉ូលិស​ជាច្រើន​ទៀត​នៅលើ​ផ្លូវ​”​។​

លោក Siddeeque បាន​និយាយទៀតថា វិហារ​របស់គាត់​បាន​បោសសម្អាត​កំទេចកំទី​ប៉ុន្តែ​បង្អួច គ្រឿង​សង្ហា​រឹម​និង​ប្រព័ន្ធ​ផ្សេងៗ​មិនទាន់​ត្រូវបាន​ផ្លាស់ប្តូរ​នៅឡើយ​ទេ​។​
​នៅ​ក្រុង Minuwangoda, អ្នកមាន​ជំនឿ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជា​ន់ទី​១​នៃ​វិហារ​ឥស្លាម Hujjaj ដើម្បី​អធិស្ឋាន​បើទោះបីជា​ការជួសជុល​មិនទាន់​ចាប់ផ្ដើម​ក៏ដោយ​។​

អ្នកស្រុក​បាន​និយាយថា អាចារ្យ​ពុទ្ធសាសនា​និង​អាចារ្យ​កាតូលិក​ក៏មាន​វត្តមាន​ផងដែរ​ដើម្បី​ជា​សញ្ញា​នៃ​សាមគ្គីភាព​ជាមួយ​សហគម​ន៍​មូស្លីម​។​

ប៉ូលិស​បាន​និយាយថា មិនមាន​ឧប្បត្តិហេតុ​ធំៗ​នោះទេ​ថ្វីបើ​មានការ​ប៉ះទង្គិច​គ្នា​រប៉េះរប៉ោះ​ត្រូវបាន​គេ​រាយការណ៍​ពី​កន្លែង​មួយចំនួន​ក៏ដោយ​។​

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់ AFP ថា “​ប៉ូលិស​បាន​គ្រប់គ្រង​យ៉ាងរឹងមាំ​ហើយ​ស្ថានភាព​បាន​វិល​ត្រលប់​ទៅរក​ភាពប្រក្រតី​ភ្លាមៗ​”​។ បំរាម​គោចរ​នៅ​ទូទាំងប្រទេស​ត្រូវបាន​ដក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
គួរបញ្ជាក់​ជាថ្មី​ថា កុបកម្ម​បានកើត​ឡើង​បី​សប្តាហ៍​បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​លើ​ព្រះវិហារ​បី​កន្លែង​និង​សណ្ឋាគារ​ប្រណីត​៣​កន្លែង​ក្នុង​ទីក្រុង Colombo ដោយបាន​សម្លាប់​មនុស្ស​ចំនួន​២៥៨​នាក់​។ ការវាយប្រហារ​កាលពី​ថ្ងៃទី​២១​ខែមេសា​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ក្រុម​ជី​ហាដ​ក្នុង​តំបន់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114