ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ភ្នាក់ងារ CIA ត្រូវ​កាត់ទោស​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ពីបទ​ធ្វើ​ចារកម្ម​ឲ្យ​ចិន

អតីតមន្ត្រី CIA ម្នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ពីបទ​យកការណ៍​ឲ្យ​ប្រទេស​ចិន​នៅក្នុង​ករណី​មួយ​ដែល​គេ​ហៅថា​ជា​ផ្នែក​មួយ​នៃ “​និន្នាការ​ប្រកាសអាសន្ន​” នៅក្នុង​សហគមន៍​ស៊ើបការណ៍​របស់​អាមេរិក​។​

លោក Kevin Mallory អាយុ​៦២​ឆ្នាំ​ត្រូវបាន​ផ្តន្ទាទោស​នៅក្រោម​ច្បាប់​ចារកម្ម​ដោយសារ​ការលក់​ព័ត៌មាន​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ទៅ​ឲ្យ​ភ្នាក់ងារ​ចារកម្ម​ចិន​ក្នុងតម្លៃ​២៥,០០០​ដុល្លារ​អំឡុងពេល​ធ្វើដំណើរ​ទៅ​ទីក្រុង​ស៊ា​ង​ហៃ​កាលពី​ខែមីនា​និង​ខែមេសា​ឆ្នាំ​២០១៧​។​

គាត់​បាន​ប្រាប់​ភ្នាក់ងារ​ចិន​នៅក្នុង​សារ​មួយ​កាលពី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៧​ថា “​គោលបំណង​របស់​អ្នក​គឺ​ទទួលបាន​ព័ត៌មាន​ហើយ​គោលបំណង​របស់ខ្ញុំ​គឺ​ប្រាក់​”​។​

អ្នក​ដែល​និយាយ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ​រូបនេះ​បាន​បម្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក​ហើយ​បន្ទាប់​មកជា​ភ្នាក់ងារ​ពិសេស​សម្រាប់​សេវា​សន្តិសុខ​នៃ​ក្រសួងការបរទេស​មុនពេល​ក្លាយជា​មន្ត្រី​សម្រាប់​ទីភ្នាក់ងារ​ចារកម្ម​កណ្តាល​។​

លោក Mallory គឺជា​មន្ត្រី​អាមេរិក​មួយរូប​ក្នុងចំណោម​មន្ត្រី​សន្ដិសុខ​កម្រិត​ខ្ពស់​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពីបទ​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ចិន​។​

អតីតមន្ត្រី​ទីភ្នាក់ងារ​ចារកម្ម​ការពារជាតិ​លោក Ron Hansen ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំ​បន្ទាប់ពី​បាន​សារភាព​កំហុស​កាលពី​ខែមីនា​ចំពោះ​ការចោទប្រកាន់​ពីបទ​ប៉ុនប៉ង​លក់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​ជនជាតិ​ចិន​។​

កាលពី​ខែមេសា អតីត​អ្នកការទូត​ម្នាក់​ឈ្មោះ Candace Marie Claiborne បាន​សារភាព​កំហុស​ថា​បាន​និយាយ​ភូតកុហក​ចំពោះ​អ្នកស៊ើប​អង្កេត​អំពី​ប្រាក់​ដែល​នាង​បានទទួល​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន​ក្នុង​ការដោះដូរ​ជាមួយ​ឯកសារ​អាមេរិក​។​

ហើយ​នៅក្នុង​ករណី​សំខាន់បំផុត​, កាលពី​ថ្ងៃទី​១​ខែឧសភា អតីតមន្ដ្រី CIA ឈ្មោះ Jerry Chun Shing Lee បាន​សារភាព​កំហុស​ពីបទ​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ចិន​។​

លោក Lee អាយុ​៥៤​ឆ្នាំ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114