ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Maduro សាទរ​ការចាប់ផ្តើម​នៃ​កិច្ចចរចា​ដែល​សម្របសម្រួល​ដោយ​ន័​រ​វែ​ស​ជាមួយ​ក្រុមប្រឆាំង

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី Nicolas Maduro បាន​ស្វាគមន៍​ការចាប់ផ្តើម​នៃ​កិច្ចចរចា​ជាមួយ​ក្រុមប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នៅ​ប្រទេស​ន័​រ​វែ​ស​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការប៉ះទង្គិច​បង្ហូរឈាម​រវាង​ភាគី​ទាំងពីរ​។​

លោក Maduro បាន​និយាយ​ក្នុង​សេចក្តីប្រកាស​មួយ​នៅ​ចំពោះមុខ​កងទ័ព​ចំនួន​៦,៥០០​នាក់​ក្នុង​រដ្ឋ Aragua ភាគ​ខាងជើង​ថា “​កិច្ចចរចា​បានចាប់ផ្តើម​យ៉ាង​ល្អ​ដើម្បី​ឈានឆ្ពោះ​ទៅកាន់​កិច្ចព្រមព្រៀង​សន្តិភាព កិច្ចព្រមព្រៀង​និង​ភាព​សុខដុម​ហើយ​ខ្ញុំ​សុំ​ឲ្យ​មានការ​គាំទ្រ​ពី​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងអស់​ដើម្បី​ឆ្ពោះទៅរក​សន្តិភាព​”​។​

ដោយ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​ប្រទេស​ផលិត​ប្រេង​មួយ​នេះ​, មេដឹកនាំ​សង្គមនិយម​រូបនេះ​បាន​បន្ថែមថា “​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវតែ​ដោះស្រាយ​ជម្លោះ​របស់ខ្លួន​និង​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​សន្តិភាព​”​។​

ពិធី​នេះ​ត្រូវបាន​ចូលរួម​ដោយ​រដ្ឋមន្ត្រីក្រសួង​គម​នាគ​មន៍​លោក Jorge Rodriguez និង​អភិបាលរដ្ឋ Miranda លោក Hector Rodriguez ដែលជា​តំណាង​របស់​រដ្ឋាភិបាល​ក្នុង​កិច្ចចរចា​នៅ​ទីក្រុង​អូ​ស្លូ​។​
​លោក Maduro បាន​សាទរ​វា​ថា​ជា “​ដំណឹង​ល្អ​” ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រទេស​ន័​រ​វែ​ស​រាយការណ៍​អំពី​ទំនាក់ទំនង​បឋម​រវាង​ភាគី​ទាំងពីរ​។​

មុននេះ រដ្ឋមន្ត្រីការបរទេស​លោក Jorge Arreaza បានផ្តល់​ការបញ្ជាក់​ជា​ផ្លូវការ​លើកដំបូង​ពី​រដ្ឋាភិបាល​ក្រុង Caracas អំពី​ការចូលរួម​របស់ខ្លួន​នៅក្នុង​អ្វីដែល​ប្រទេស​ន័​រ​វែ​ស​និយាយថា​ជាការ​ពិភាក្សា​រុករ​កនៅ​ទីក្រុង​អូ​ស្លូ​។​

ការប៉ុនប៉ង​សម្រុះសម្រួល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការតស៊ូ​អំណាច​រយៈពេល​ច្រើន​ខែ​រវាង​មេដឹកនាំ​រដ្ឋសភា​លោក Juan Guaido និង​ប្រធានាធិបតី​សង្គមនិយម​ដែល​ជួនកាល​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​បង្ហូរ​ឈាម​តាម​ដងផ្លូវ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Maduro មិនបាន​និយាយ​ដោយផ្ទាល់​ទៅ​កិច្ចប្រជុំ​នោះទេ​ប៉ុន្តែ​លោក​បាន​និយាយថា លោក Rodriguez កំពុង​ស្ថិតក្នុង​បេសកកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​សន្តិភាព​នៅក្នុង​ប្រទេស​អឺរ៉ុប​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សេចក្តីលម្អិត​នៃ​ដំណើរការ​ជាក់ស្តែង​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​អូ​ស្លូ​មិនបាន​បញ្ចេញ​ច្បាស់លាស់​ទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114