ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ ស្នើ​ឲ្យ​ប្រធាន​UN ដោះស្រាយ​ការ​រឹបអូស​នាវា​ដោយ “​ជើងកាង​” អាមេរិក

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ថា ប្រទេស​កូរ៉េខាងជើង​បានស្នើ​សុំ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ដោះស្រាយ​ការ​រឹបអូស​យក​នាវា​ដឹកទំនិញ​មួយគ្រឿង​របស់ខ្លួន​ដោយ​ខុសច្បាប់​ដោយ​សហរដ្ឋអាមេរិក​។​

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​លោក Guterres កាលពី​ថ្ងៃ​សុក្រ​ថា “​ទង្វើ​នៃ​ការដកហូត​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ជើងកាង​មួយ​ដែល​មិន​យកចិត្តទុកដាក់​ចំពោះ​ច្បាប់​អន្តរជាតិ​”​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​ប្រទេស​កូរ៉េខាងជើង​។​

ការតវ៉ា​របស់​ក្រុង​ព្យុងយ៉ាង​ទៅកាន់​អង្គការសហប្រជាជាតិ​ស្តីពី​ការ​រឹបអូស​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ដែលមាន​គោលបំណង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុន្តែ​ជំនួប​កំពូល​នោះបាន​បរាជ័យ​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​។​

លិខិត​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់​ដោយ​លោក Guterres ផងដែរ​ហើយ​បាន​អះអាងថា ក្រុង​វ៉ាស៊ីនតោន​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​កូរ៉េខាងជើង​និង​រំលោភ​ធម្មនុញ្ញ​របស់ UN​។​

ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា ការ​រឹបអូស​នាវា​នេះ​បាន​បំពាន​លើ​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​ហើយ​បានទាមទារ​ឲ្យ​នាវា​ត្រូវប្រគល់​ត្រលប់​មកវិញ​ដោយ​គ្មាន​ការពន្យារពេល​។​

ក្រសួងយុត្តិធម៌​អាមេរិក​បាន​និយាយថា នាវា​ដឹកទំនិញ​កូរ៉េខាងជើង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Wise Honest” គឺ​ត្រូវបាន​រឹបអូស​និង​សណ្តោង​យកទៅ​កាន់​កោះ Samoa របស់​អាមេរិក​។​

នាវា​នេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា ដឹកជញ្ជូន​ធ្យូងថ្ម​ខុសច្បាប់​ដែល​រំលោភ​លើ​ទណ្ឌកម្ម​ហើយ​ត្រូវបាន​បញ្ឈប់​លើកដំបូង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​នៅក្នុង​ខែមេសា​ឆ្នាំ​២០១៨៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114