ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រួសារ​អន្តោប្រវេសន៍ ​ត្រូវបាន​បញ្ជូន​ពីរ​ដ្ឋ Texas ទៅ​ទីក្រុង San Diego នៅក្នុង​វិបត្តិ​ព្រំដែន​អាមេរិក

អ្នក​ជាប់ឃុំ​រាប់រយ​នាក់​មកពី​មណ្ឌល​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក (CBP) ក្នុង​រដ្ឋ Texas និង​នៅ​កន្លែង​ផ្សេង​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង San Diego សម្រាប់​ដំណើរការ​ពិនិត្យ​ទិន្នន័យ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​ទៅ​។​

ក្រុមមន្ត្រី​ព្រំដែន​បាន​និយាយថា​ពួកគេ​កំពុង​រៀបចំ​ផែនការ​ដើម្បី​បញ្ជូន​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​ទៅកាន់​កន្លែង​ផ្សេងទៀត​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រំដែន​អាមេរិក​ខាងត្បូង​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយថា ចំនួន​មនុស្ស​ដែល​ចាប់បាន​នៅតាម​ព្រំដែន​ចាប់តាំងពី​ថ្ងៃទី​១​ខែតុលា​មក​គឺមាន​ជិត​៥២០,០០០​នាក់​ដែល​នេះ​ជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។ កាលពី​សប្តាហ៍​មុន មានការ​ចាប់ខ្លួន​ជា​មធ្យម​ចំនួន​៤,៥០០​នាក់​ក្នុង​មួយថ្ងៃ​។​
CBP បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ដំណើរការ​ពិនិត្យ​និង​ដោះលែង​ក្រុមគ្រួសារ​ក្នុង​រយៈពេល​២០​ថ្ងៃ​បន្ទាប់ពី​ការមកដល់​មណ្ឌល​ឃុំឃាំង​មួយ​ដែល​តម្រូវ​ដោយ​ច្បាប់​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពីដើម​ឆ្នាំនេះ​បានប្រកាសថា ការ​លុកលុយ​របស់​ជនអន្តោប្រវេសន៍​គឺជា​គ្រាអាសន្ន​ថ្នាក់ជាតិ​ដែលជា​ហេតុ​អនុញ្ញាត​ឲ្យ​គាត់​ចៀសផុត​សភា​ក្នុងការ​ទទួលបាន​ប្រា​ក់ជាង​៦​ពាន់​លាន​ដុល្លារ​ដើម្បី​ចាប់ផ្តើម​សាងសង់​ជញ្ជាំង​ព្រំដែន​ដែល​គាត់​ធ្វើ​យុទ្ធនា​ការឃោសនា​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។​

មន្ត្រី CBP នៅ​ការិយាល័យ​ក្រុង San Diego បាន​និយាយថា ការហោះហើរ​បី​ដង​ក្នុង​មួយ​សប្តាហ៍​នឹង​មកដល់​តំបន់ San Diego ពី​ជ្រលង Rio Grande ដែល​ផ្ទុក​មនុស្ស​ប្រមាណ​១៣០​នាក់​ក្នុង​មួយ​ជើង​។​

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា “​យើង​កំពុង​ស្ថិតនៅក្នុង​ពាក់កណ្តាល​នៃ​វិបត្តិ​មនុស្សធម៌​ហើយ​ចំនួន​មនុស្ស​នៅក្នុង​រដ្ឋ Texas បាន​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដូច្នេះ BP កំពុង​ជួយ​ក្នុង​បញ្ហា​នេះ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​”​។​

មន្ត្រី​រូបនោះ​បាន​និយាយថា ជើងហោះហើរ​ដែល​ប្រតិបត្តិការ​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយ (ICE) នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ San Diego ហើយ​អ្នក​ដែល​ជាប់​ឃុំឃាំង​នឹងត្រូវ​បញ្ជូនទៅ​ប៉ុស្តិ៍​ល្បាត​ព្រំដែន​ចំនួន​ប្រាំបី​ក្នុង​តំបន់ San Diego៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114