ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Boeing ថា​ការឡើង​ជំនាន់ Software របស់​យន្តហោះ 737 MAX គឺ​រួចរាល់​ហើយ

ក្រុមហ៊ុន Boeing បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បានបញ្ចប់​ការ Update Software លើ​យន្តហោះ 737 MAX របស់ខ្លួន​រួចរាល់​ហើយ បន្ទាប់ពី​មានការ​ធ្លាក់​២​ករណី​កន្លងមក ដែល​នាំ​យន្តហោះ​ប្រភេទ​នេះ​ត្រូវ​ផ្អាក​ដំណើរការ​ទូទាំង​ពិភពលោក​។​

សំណើ​ជួសជុល​ដែល​បានបង្ហាញ​ពី​បញ្ហា​ប្រព័ន្ធ​ហោះហើរ​ត្រូវបាន​គេ​គិតថា ជា​កត្តា​មួយ​ដែលនាំឱ្យ​មាន​ករណី​ធ្លាក់​យន្តហោះ​ទាំងពីរ​លើក​នេះ ពេលនេះ​ត្រូវតែ​ទទួលបាន​ការសម្រេច​យល់ព្រម​ពី​សហរដ្ឋអាមេរិក​និង​និយតករ​អន្តរជាតិ​ដទៃទៀត​សិន មុននឹង​យន្តហោះ​ប្រភេទ​នេះ​អាច​ត្រឡប់មក​ប្រតិបត្តិការ​វិញ​បាន​។​

CEO ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​មួយ​នេះ លោក​Dennis Muilenburg​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​ដោយ​យក​សុវត្ថិ​ភាពជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន​យើង យើង​បានបញ្ចប់​ការហោះហើរ​សាកល្បង​ផ្នែក​វិស្វកម្ម​ទាំងឡាយ​សម្រាប់​ការ Update កម្មវិធី​ក្នុង​យន្តហោះ និង​កំពុង​ត្រៀមខ្លួន​ហោះហើរ​ចុងក្រោយ​ដែល​អាច​ទទួល​បានការ​យល់ព្រម​។​”

សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន Boeing បានធ្វើឱ្យ​ភាគហ៊ុន​កើនឡើង​ដល់​២,៦% ស្មើនឹង​៣៥៤, ៤៤​ដុល្លារ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន​។ ការផ្អាក​ដំណើរការ​យន្តហោះ 737 MAX បានធ្វើឱ្យ​ប្រាក់ចំណូលរ​បស់​ក្រុមហ៊ុន​មានការ​ធ្លាក់ចុះ និង​ធ្វើឱ្យ​ខូច​ទស្សនវិស័យ​រក​ចំណូល​របស់​ក្រុមហ៊ុន​ទៀតផង​។​

ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​បាន​សាក​ហោះហើរ​យន្តហោះ 737 MAX ដោយបាន Update កម្មវិធី​សម្រាប់​ប្រព័ន្ធ Maneuvering Characteristics Augmentation System សម្រាប់​រយៈពេល​លើស​៣៦០​ម៉ោង​លើ​ជើងហោះហើរ​ចំនួន​២០៧​។​

​ទាំង​ករណី​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air និង Ethiopian Airlines ប្រព័ន្ធ​មុខងារ MCAS បានចង្អុលបង្ហាញ​ថា យន្តហោះ​បាន​ដាំ​ក្បាល​ចុះក្រោម​ដោយសារតែ​មុខងារ​ស្វែងរក​កំហុស​មិន​ដំណើរការ ដែល​ធ្វើឱ្យ​ពី​ឡុ​ត​មិនអាច​គ្រប់គ្រង​ការងារ​របស់ខ្លួន​បាន​ក្រោយពេល​ហោះ​ឡើង​។ នេះ​បើ​យោងតាម​ការស៊ើបអង្កេត​បឋម​លើ​ករណី​ធ្លាក់​នេះ​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114