ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធន​ធាន​ទឹក ​៖ រដូវវស្សា​បាន​ចាប់​ផ្ដើម ក្នុង សប្តាហ៍​ទី​៣ នៃ​ខែឧសភា ចំណែក ឥទ្ធិពល El Nino ក៏បាន​ថយចុះ

ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីជូនដំណឹង​បញ្ជាក់​អំពី​អាកាសធាតុ​ថា​ រដូវវស្សា​បានចាប់ផ្ដើម​ហើយ ដោយ​គិតពី​ដើម​សប្តាហ៍​ទី​៣ នៃ​ខែឧសភា​កន្លងមក នេះ ចំណែក ឥទ្ធិពល El Nino ដែល​កម្ពុជា​បាន​នឹង​កំពុង​ទទួល​តាំងពីដើម​ឆ្នាំ​មក​នោះ រហូតមកដល់​ពេលនេះ​នៅតែ​បន្ត​មាន​អត្ថិភាព​នៅឡើយ ដោយ​គ្រាន់តែ​ឥទ្ធិពល​បាន​ថយចុះ​ជា​បន្តបន្ទាប់​តែប៉ុណ្ណោះ។

សេចក្តីជូន​ដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ទៀត​ថា សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​ទៅមុខ ចាប់ ពីថ្ងៃ​ទី​១៩ ដល់ ២៥ ខែឧសភា ស្ថានភាព​អាកាសធាតុ​មាន​ដូចខាងក្រោម ៖១- នៅ​ថ្ងៃទី​១៩ ដល់​ថ្ងៃទី ២០ ខែឧសភា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ និង​ខ្យល់មូសុង​និរតី ដែល​នឹងធ្វើ​ឲ្យ​រាជធានី​-​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ប៉ុន្តែ​ពុំ​រាយប៉ាយ​បានល្អ​នោះទេ ។

២-​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥ ខែឧសភា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ចាប់​បង្កើត​ឥទ្ធិពល​ឡើងវិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កម្រិត​ទឹកភ្លៀង​មាន​ភាពកើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ទន្ទឹមនឹង​ភាព​រាយ​បាយ ក៏​កាន់តែ​បានល្អ​ប្រសើរ​ផងដែរ ។​៣-​សីតុណ្ហភាព​អតិបរមា ក្នុង​ចន្លោះ​ពី ៣៣ ទៅ ៣៦ អង្សា​សេ ៤-​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​ច្រើន​ដដែល។

​ជា​មួយ​គ្នា​នេះ ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ធម្មជាតិ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114