ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌា​ប្រតិកម្ម​ខ្លាំង​លើ​រឿង​គម្រប​ចាន​បង្គន់ និង​ស្បែកជើង​ដែលមាន​រូប​ព្រះ​ហិណ្ឌូ​ដាក់លក់​លើ​អា​ម៉ា​ហ្សូ​ន​

ក្រុមហ៊ុន Amazon.com ត្រូវ​ប្រឈមមុខ​នឹង​ប្រតិកម្ម​ខ្លាំងៗ​លើ​បណ្ដាញ​សង្គម​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពី​មានការ​ដាក់លក់​គម្រប​ចាន​បង្គន់​និង​របស់របរ​ផ្សេងទៀត​ដែលមាន​រូប​ព្រះ​សាសនា​ហិណ្ឌូ​នៅលើ​វិ​ប​សាយ​លក់រាយ​របស់​អាមេរិក​មួយ​នេះ ដែល​ធ្វើឱ្យ​#BoycottAmazon (​ឈប់​ទិញ​របស់​នៅ​អា​ម៉ា​ហ្សូ​ន​) ក្លាយជា​ប្រធានបទ​ក្ដៅ​និង​ពេញនិយម​លើ Twitter ក្នុងប្រទេស​ឥណ្ឌា​។​

អ្នកប្រើប្រាស់ Twitter រាប់ពាន់នាក់​បាន​ងាក​មក​អំពាវនាវ​ឱ្យធ្វើ​ពហិការ​នេះ ដោយ​អ្នកខ្លះ​បាន Tag រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា អ្នកស្រី Sushma Swaraj និង​បាន​ទទូច​ឱ្យ​អ្នកស្រី​ចាត់វិធានការ​ខ្លាំងៗ​ប្រឆាំងនឹង​ក្រុមហ៊ុន​លក់រាយ​អន​ឡាញ​ដ៏​ធំ​ក្នុង​ពិភពលោក​មួយ​នេះ​។​

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការស្នើសុំ​ឱ្យធ្វើ​ការបកស្រាយ​ណាមួយ​ឡើយ​។​

ករណីនេះ​ស្រដៀង​គ្នា​នឹង​រឿងរ៉ាវ​កាលពី​ឆ្នាំ​២០១៧ ដែល​ក្រុង​ញូ​វ​ដេលី​បានន​រិះគន់​ក្រុមហ៊ុន Seattle ដែលជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​វិ​ប​សាយ​កាណាដា​របស់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវគេ​ប្រទះឃើញ​ដាក់លក់​កម្រាល​ដាក់​ពីមុខ​ទ្វារ​មាន​រូប​ទង់ជាតិ​ប្រទេស​ឥណ្ឌា​។​

ក្នុងពេល​នោះដែរ អ្នកស្រី Swaraj បាន​គំរាមថា​នឹង​រំលាយ​ទិដ្ឋាការ​របស់​បុគ្គលិក​ក្រុមហ៊ុន Amazon ទាំងអស់​បើសិន​កម្រាល​ដាក់​ពីមុខ​ទ្វារ​ដែលមាន​រូប​ទង់ជាតិ​ឥណ្ឌា​នោះ​មិន​ត្រូវបាន​ដកចេញ​ពី​វិ​ប​សាយ​ទេ​។​

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រកឃើញ​ទំនិញ​ជាច្រើន​មុខ​ដូចជា គម្រប​ចាន​បង្គន់ កម្រាល​ហាត់​យូ​ហ្គា ស្បែកជើងឃ្លុប កម្រាលព្រំ និង​របស់​ផ្សេងទៀត​ដែលមាន​រូប​ព្រះ​សាសនា​ហិណ្ឌូ ឬ​និម្មិត​សញ្ញា​ស័ក្ដិសិទ្ធិ​របស់​ហិណ្ឌូ​ដាក់លក់​ជា​ហូរហែ​នៅលើ​វិ​ប​សាយ Amazon​។​
​ក្នុងនោះដែរ មាន​ទំនិញ​ខ្លះ​ត្រូវបាន​ដកចេញ​ពី​វិ​ប​សាយ ដូចដែល​ធ្លាប់ធ្វើ​ក្នុង​ឆ្នាំ​២០១៧​នោះដែរ​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114