ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង​ នឹង​បើក​ឱ្យ​អ្នកជំនួញ​ចូល​ទស្សនកិច្ច​សួន​ឧស្សាហកម្ម​ភាគ​ខាងជើង

រដ្ឋាភិបាល​កូរ៉េខាងត្បូង​ បានសម្រេច​បើក​ឱ្យ​អ្នកជំនួញ​របស់ខ្លួន​ទៅ​ទស្សនកិច្ច​រោងចក្រ​ក្នុង​សួន​ឧស្សាហកម្ម​ក្នុងប្រទេស​កូរ៉េខាងជើង ​ដែល​ត្រូវបាន​បិទ​ដំណើរការ​ដោយ​អតីត​រដ្ឋាភិបាល​អភិរក្ស​និយម​របស់​ក្រុង​សេ​អ៊ូ​ល​កាលពី​ឆ្នាំ​២០១៦ ដោយសារ​ការធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

អ្នកនាំពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​ជាតិ​ក្រុង​សេ​អ៊ូ​ល លោក​Lee Sang-min បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​មាន​គម្រោង​ពិភាក្សា​លម្អិត​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការចូល​ទស្សនកិច្ច​រោងចក្រ​ក្នុង​ក្រុង​ព្រំប្រទល់​កូរ៉េខាងជើង Kaesong ដែលជា​ការិយាល័យ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​។​

សេចក្ដីប្រកាស​បានចេញ​ស្របពេល​មានការ​ថយចុះ​ទំនាក់ទំនង​អន្តរ​កូរ៉េ ដោយសារតែ​បរាជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ស្ដីពី​នុយក្លេអ៊ែរ​រវាង​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ខែកុម្ភៈ​លើ​ការទាមទារ​មិន​ស្របគ្នា​ក្នុងការ​លើកលែង​ទណ្ឌកម្ម និង​ការដក​អាវុធ​នុយក្លេអ៊ែរ​។​

លោក Lee បាន​និយាយថា ក្រសួង​បានសម្រេច​ថា​នឹង​បើក​ទស្សនកិច្ច​ដល់​អ្នក​ជំនួញ​១៩៣​នាក់ ដែល​អាចឱ្យ​ពួកគេ​ពិនិត្យមើល​រោងចក្រ​ផលិត និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដែល​កូរ៉េខាងត្បូង​បាន​បន្សល់ទុក​នៅ​ភាគ​ខាងជើង​នោះ​។​

លោក​បានធ្វើការ​ស្ទាបស្ទង់​ថា ក្រុង​សេ​អ៊ូ​ល​កំពុង​ព្យាយាម​ពង្រឹងកម្លាំង​ដើម្បី​ឆ្ពោះទៅរក​ការបើក​ដំណើរការ​សួន​ឧស្សាហ​កម្មនេះ​ឡើងវិញ ដែល​ធ្លាប់តែ​ផ្ដល់​សាច់ប្រាក់​ចាំបាច់​ដល់​កូរ៉េខាងជើង​មុនពេល​បិទទ្វារ​រោងចក្រ​នេះ​ក្នុង​ខែកុម្ភៈ ២០១៦​។​

តាំងពី​ពេលនោះ​មក ក្រុង​ព្យុងយ៉ាង​បានទាមទារ​ឱ្យ​ក្រុង​សេ​អ៊ូ​ល​បែក​ចេញពី​ក្រុង​វ៉ាស៊ីនតោន និង​បន្ត​ដំណើរការ​សួន​ឧស្សាហកម្ម​ក្រុង​Kaesong នេះ និង​បន្ត​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​កូរ៉េខាងត្បូង​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ពេជ្រ​នៅ​ភាគ​ខាងជើង ដែល​ត្រូវ​ផ្អាក​ដំណើរការ​ដោយ​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​នោះ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114