ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ផ្តើម​លេច​សកម្មភាព​ចាស់ ​ដែល​ជនសង្ស័យ​តាម​ចាក់​បំបែក​កង់ឡាន​ដើម្បី​ធ្វើ​សកម្មភាព​លួច

ភ្នំពេញ ​៖​ លុយ​ខ្មែរ​៩៣៨៨០០០០០​រៀល​ ​បើ​គិត​ជា​លុយ​ដុល្លារ​គឺ​ចំនួន​២៣៤៧០០​ដុល្លារ​ ត្រូវ​បាន​ប្រធាន​គណនេយ្យ​រោង​ជនជាតិ នៅ​រោងចក្រ​ស្បែកជើង​ជូ​ហួយ ភូមិ​ល្វាង ឃុំ​ល្វាង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ​​​​​ប្តឹង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ ដោយ​អះអាង​ថា​ ខ្លួន​ត្រូវបាន​បាត់​លុយ​នោះ​ទាំងអស់ ​ពេល​ចេញពី​ប្តូរ​លុយ​ពី​ធនាគារ ​ហើយ​រថយន្ត​បែក​កង់ ​អ្នកបើកបរ​រថយន្ត​ចុះ​ប្តូ​រ​កង់​ ក៏ត្រូវ​ជន​មិន​ស្គាល់​ចូល​យក​លុយ​ពី​ក្នុង​កាបូប​ដែល​ទុក​នៅ​ក្នុង​រថយន្ត​ដោយ​សុវត្ថិភាព​តែម្តង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី ​នៅ​ចំណុច​មុខ​ហាង​នំប៉័ង​យីហោ​abc ផ្លូវ​ព្រះ​មុន្នីវង្ស ភូមិ​៨ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ​CHEN ZHILUN ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ ប្រធាន​គណនេយ្យ​(​រោងចក្រ​ស្បែកជើង​ជូ​ហួយ​) ស្នាក់នៅ រោងចក្រ​ស្បែកជើង​ជូ​ហួយ ភូមិ​ល្វាង ឃុំ​ល្វាង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​ ចំណែក​សម្ភារៈ​បាត់បង់​លុយ​ចំនួន ៩៣៨៨០០០០០​រៀល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ដំណើររឿង​ហេតុ​នោះ ​គឺ​នៅ​មុនពេល​កើតហេតុ​ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ០៨​និង​៣០​នាទី ជនរងគ្រោះ​ បាន​យក​ប្រាក់​ចំនួន ២៣៤៧០០$ (​ម្ភៃ​បី​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​ដុល្លារ​) ដាក់​ចូល​កាបូបយួរ​ធំ ពណ៌​ខ្មៅ​លាយ​ក្រហម​តិចៗ ចូលក្នុង​រថយន្ត​ទួរីស​១២​កៅអី ពណ៌​ស្លែ ស្លាក​លេខ ភ្នំពេញ ២AE.៤២៤១ ដោយមាន​តៃកុង​មួយ​នាក់មក​ជាមួយ ដោយ​ចេញពី​រោងចក្រ​ជូ​ហួយ នៅ​ភូមិ​ល្វាង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ក្នុង​គោលបំណង​យកលុយ​ដុល្លារ​មក​ដូរ​យក​លុយ​ខ្មែរ​នៅ​ធនាគារ​កាណាឌីយ៉ា នៅ​ស្គុន ខេត្តកំពង់ចាម តែ​ពេលទៅដល់​ធនាគារ​នៅ​ស្គុន​អត់​មាន​លុយ​ខ្មែរ​ដូរ​គ្រប់​ចំនួន​លុយ​ខាងលើ ជនរងគ្រោះ​ក៏​ឲ្យ​តៃកុង​ឡាន​បើក​មក​ដូរ​លុយ​ខ្មែរ​នៅ​ធនាគារ​កាណាឌីយ៉ា ផ្លូវភ្លោះ សង្កាត់​វត្តភ្នំ ពេលមកដល់​ខាងក្រោយ​ធនាគារ​កាណាឌីយ៉ា​អោយ​តៃកុង​ឡាន​ឈប់​ចាំ​ខាងក្រោយ ជនរងគ្រោះ​ក៏​យក​កាបូប​លុយ​ចំនួន ២៣៤៧០០$ នោះ​ចូលទៅក្នុង​ធនាគារ ដូរ​យកបាន​លុយ​ខ្មែរ​បាន​ប្រហែល​ជាង ប្រាំបួន​រយ​សាមសិប​ប្រាំបី​លាន​ប្រាំបី​សែន​រៀល រួច​ដាក់ចូល​ទៅក្នុង​កាបូបយួ​រ​ធំ ពណ៌​ខ្មៅ​លាយ​ក្រហម រួច​ហៅ​អ្នក​បើកឡាន​មកពី​មុខ​ធនាគារ ជនរងគ្រោះ​លើក​លុយ​នោះ​ដាក់ចូល​ឡាន​ជិះ​ចេញ​តាមផ្លូវ​ព្រះមុន្នីវង្ស​ទៅ​ជើង​ក្នុង​គោលបំណង​ទៅ​រោងចក្រ ពេល​តៃកុង​ឡាន​បើករថយន្ត​ដល់​មុខ​ហាង​លក់​នំ​បុ័ង​យី​ហោ​abc មុខ​មន្ទីរពេទ្យ​កាល់ម៉ែត​ជនរងគ្រោះ​អោយ​អ្នកបើក​ឡាន​ឈប់​ដើម្បី​ចូល​ទិញ​នំបុ័ង មួយសន្ទុះ​ចេញមក​វិញ​ស្រាប់តែ​ឃើញ​តៃកុង​ឡាន​កាន់​កូនសោ​​ដោះ​កង់ឡាន​ដែល​បែក​កង់​ខាងក្រោយ​ផ្នែក​ឆ្វេង ពេលនោះ​ឡាន​អត់​បាន​ចាក់សោ​​ឡុ​ក​ទេ ជនរងគ្រោះ​ក៏​ទៅ​មើល​ជួយ​ដោះដូរ​កង់ឡាន​រួច ក៏​បើក​ទៅដល់​រោងចក្រ​ម៉ោង​ប្រហែល​១៣​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ដឹងថា​បាត់​កាបូប​លុយ​ឆោឡោ​តែម្តង​។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​មក​ជនរងគ្រោះ​ក៏​ត្រឡប់មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​ខណ្ឌ​ដូនពេញ​វិញ​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល។

ពាក់ព័ន្ធ​នឹង​រឿងហេតុ​បែក​កង់ឡាន​ពេល​ចេញពី​ធនាគារ​នោះដែរ​ ត្រូវបាន​គេ​សង្ស័យថា​អាចមាន​ជនសង្ស័យ​ដែល​ប្រើ​រូបភាព​តាម​ចាក់​កង់ឡាន​ឲ្យ​បែក​ពេល​ម្ចាស់ ​ឬក៏​អ្នក​ដែល​បើក​លុយ​ពី​ធនាគារ​ចុះ​ប្តូរ​ឬ​ប៉ះ​ ក៏​ជនសង្ស័យ​ទាំងនោះ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​ឬក៏​ភ្ជង់​ប្លន់​យកតែ​ម្តង​។​ ​​រូបភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនោះ​ភាគច្រើន​គឺ​ច្រើនតែ​ជនបរទេស​ដែលជា​អ្នកធ្វើ​សកម្មភាព​។ ​ប៉ុន្តែ​រូបភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនោះ​ គឺ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ចាប់​បង្ក្រាប​បាន​ទាំង​ក្រុម​យក​ទៅ​ផ្តន្ទាទោស​បើ​គិត​ទៅ​ប្រហែល​ជាជាង​២​ឆ្នាំ​មុន​នេះ​។ ​ប៉ុន្តែ​រូបភាព​នេះ​ស្រាប់តែ​កើតមាន​ដូច្នេះ​តទៅទៀត​គឺជា​រូបភាព​ដដែល​គេ​សង្ស័យ​អាច​ចាប់ផ្តើម​កើតមាន​ទៀតហើយ​គួរតែ​បងប្អូន​ប្រជាពលរដ្ឋ​គួរតែមាន​ការប្រុងប្រយ័ត្ន​សុវត្ថិភាព​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់ ​ព្រោះ​បញ្ហា​នេះ​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ​កំពុង​ស្រាវជ្រាវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114