ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​សូម​ឲ្យ​លោក​អភិបាលស្រុក​ពញាឮ បង្ក្រាប​ល្បែង​កន្ទុយលេខ​ដែល​កំពុង​កើតមាន​ព្រោងព្រាត

កណ្តាល​ ៖ ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ក្នុង​ស្រុក​ពញាឮ បាន​សំដែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​វត្តមាន​ការកើតមាន​ល្បែងស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយ​លេខ វៀតណាម​យ៉ាងច្រើន​ព្រោងព្រាត​ដូច​ហែ​កឋិន នៅ​គ្រប់​តាម​ភូមិ​ឃុំ​នានា​ទាំង​អស់​នៅ​ក្នុង​ស្រុក​ពញាឮ ដោយ​គ្មាន​ការយកចិត្ត​ទុក​បង្ក្រាប​ឡើយ​។

បើ​តាម​ការ​សង្កេតឃើញ​ផ្ទាល់​ភ្នែក​របស់​ភ្នាក់ងារ​កាសែត​កម្ពុ​ជាថ្មី​រួមផ្សំ​និង​សេចក្តីរាយការណ៍​ពី​ប្រជាជន​នៅ​តាម​ភូមិ​ឃុំ​នានា​នៅ​តំបន់​នោះ បាន​រក​ឃើញ​ថា គ្មាន​ឃុំ​ណាមួយ​ក្នុងចំណោម​ឃុំ​ទាំង​១២​នៅក្នុង​ស្រុក​ពញាឮ ដែល​គ្មាន​ការ​បើក​ល្បែងស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​វៀតណាម​នោះទេ​។

ដោយឡែក​សូម្បីតែ​នៅ​ក្បែរ​សាលាស្រុក​ពញាឮ​ ក៏​មាន​មេ​ឆ្នោត​ល្បែង​កន្ទុយលេខ​នេះ​ធំ​ជាង​គេ​និង​មេ​រង​នៅ​ទី​នោះ​ដែរ មេ​រង​ឆ្នោត​កន្ទុយ​មួយ​កន្លែង​នៅ​ខាងក្រោយ​ឆៀង​ខាងត្បូង​សាលាស្រុក​ពញាឮ​ប្រហែល​១០០​ម៉ែត្រ (​ផ្លូវ​ជាប់មាត់​ទន្លេ​)​។

ចំណែក​ឯ​មេ​ឆ្នោត​កន្ទុយលេខ​ធំ​គឺ​នៅ​ខាងជើង​សាលាស្រុក​ប្រហែល​២០០​ម៉ែត្រ​​គឺ​នៅ​ម្តុំ​ផ្សារ​កំពង់​លួង​នោះ​តែម្តង​។ ក្រៅពីនោះ​នៅ​ឃុំ​វិហារ​លួង​គ្រាន់តែ​នៅ​ក្នុង​ផ្សារ​អំពិល​ដាំទឹក​មាន​មេ​ឆ្នោត​២​នាក់ និង​មាន​នៅ​តាម​ភូមិ​ជាច្រើន​ទៀត​។ នៅ​ឃុំ​ផ្សារ​ដែក​គ្រាន់តែ​នៅ​ម្តុំ​ជើងភ្នំ​រមណីយដ្ឋាន​មាន​មេ​ឆ្នោត​២​នាក់​នៅតាម​ហាង​គុយ​ទាវ និង​កន្លែង​លក់ដូរ​រួមទាំង​មាន​អ្នកដើរ​ទទួល​កត់​លេខឆ្នោត​តាម​ភូមិ​ទៀត​។

នៅ​ឃុំ​ភ្នំ​បាត នៅត្រង់​កន្លែង​ហាង វី​ង កន្លែង​សេវា​ទទួល​បញ្ញើ ផ្ទេរ​ប្រាក់ នៅ​ខាង​កើត​ផ្សារ​អង្គ​សិរី ប្រហែល​៥០​ម៉ែត្រ និង​នៅតាម​ភូមិ​ទៀត​។ នៅ​តាម​ឃុំ​ផ្សេងទៀត​ក៏មាន​មេ​ឆ្នោត​បែបនេះ​ដូចៗ​គ្នា ដែល​ហូត​មាន​មេភូមិ និង​មេ​ប្រជា​ការពារ​ខ្លះ​រួមទាំង​បងប្អូន​មន្ត្រីប៉ូលិស​ក៏​ជា​អ្នកធ្វើ​មេ​ឆ្នោត​កន្ទុយលេខ​ដែរ​ព្រោះ​វា​ងាយស្រួល​ក្នុងការ​រកប្រាក់​បាន​ច្រើន​ដោយ​មិន​ត្រូវការ​ដើមទុន​ឡើយ​។

​បើ​តាមសេច​ក្តី​រាយការណ៍​ពី​មេ​ឆ្នោត​មួយ​ចំនួន​បាន​បញ្ជាក់ថា ការបញ្ជូន​តួលេខ​នៃ​របាយការណ៍​អ្នក​ចាក់​ឆ្នោត​ពី​មេ​រង បញ្ជូន​ទៅ​ឲ្យ​មេ​ធំ​ទទួល​ស៊ីសង​នោះ​គឺ​គេ​គ្រាន់តែ​កត់ត្រា​សរសេរ​លើ​ក្រដាស​ដោយ​ដៃ​ធម្មតា រួច​ថត​បញ្ជូន​ទៅ​ឲ្យ​មេ​ធំ​តាម​ប្រ​ព័​ន្ធ​តេឡេ​ក្រាម(Telegram) ឬ​វាត់​អ័ព្ទ (Whatsapp) ដែល​មាន​នៅ​ក្នុង​អូរ​ស័ព្ទ​ដៃ​ជា​ការ​ស្រេច​ដោយ ​មិនចាំបាច់​ជិះ​ម៉ូតូ​យក​ទៅ​ដូច​ពីមុន​នោះទេ ហើយ​ក្នុង​១​ថ្ងៃ​ចេញ​៤​ប៉ុ​ស្តិ៍ និង​៣​ដង​ពេលព្រឹក ពេល​ល្ងាច និង​ពេលយប់​។

“​ល្បែង​កន្ទុយលេខ​” គឺ​ល្បែងស៊ីសង​ខុសច្បាប់ ជា​បញ្ហា​ចម្បង​ដែល​ថ្នាក់លើ​ខាង​ក្រសួងមហាផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ត្រូវ​តែ​បង្ក្រាប ព្រោះ​វា​ជាដើម​ចម ដែល​បង្កើត​ឲ្យ​មាន​នូវ​អំពើ​ហិង្សា​គ្រួសារ និង​អំពើ​ចោរកម្ម​នានា និង​ធ្វើ​ឲ្យ​កើតមាន​ភាព​ក្រីក្រ​ក្នុង​គ្រួសារ​ផងដែរ​។

​បើ​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្រុក​ពញាឮ​ដែល​មាន​ចំនួន​១២​ឃុំ គ្មាន​ស្រុក​ឬ​ភូមិ​ណាមួយ​ដែល​ថា គ្មាន​កន្លែង​បើក​ល្បែងស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​នោះទេ​គឺមាន​នៅ​គ្រប់កន្លែង​ទាំងអស់​ ហើយ​គ្មាន​បង្ក្រាប​ឡើយ ដោយសារតែ​ខាង​ភាគី​មេ​ឆ្នោត​កន្ទុយលេខ​ដែល​រកស៊ី​ខុសច្បាប់​ទាំង​នោះ​គេ​ឆ្លាត​ចេះ​សែនព្រេន​សមត្ថកិច្ច​មូលដ្ឋាន មិនមែន​ខាង​មន្ត្រី​សមត្ថកិច្ច​ភ្លើ​មិន​ខ្យល់​អី​នោះ​ទេ ពោល​គឺ​គេ​យកលុយ​ដាក់​ខែ​មក​សែន​ឲ្យ​ខាង​សមត្ថកិច្ច​គ្រប់​ថ្នាក់​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។

​ពាក់​ព័​ន្ធ​បញ្ហា​នេះ​លោក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ ធ្លាប់​បាន​មាន​ប្រសាសន៍​ឆ្លើយតប​ពន្យល់​ភ្នាក់ងារ​កាសែត​ថ្មី​ថា បញ្ហា​ឆ្នោត​កន្ទុយលេខ​ ឬ​ ល្បែង​ស៊ីសង​ផ្សេងៗ​ទៀត​លោក​បានដាក់​បញ្ជា​អោយ​គ្រប់​ប៉ុ​ស្តិ៍​ទាំងអស់​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​លោក​ដើម្បី​ចាត់​វិធានការណ៍​បង្ក្រាប​ប៉ុន្តែ​លោក​មិនដែល​បានទទួល​របាយការណ៍​ណាមួយ​ថា មាន​បើក​ល្បែង​ឆ្នោត​កន្ទុយ​លេខ​នោះ ហើយ​ថា លោក​មិន​រវល់​ទទួលយក​ផលប្រយោជន៍​ពី​លុយ​ល្បែង​ខុសច្បាប់​ទាំង​នោះដែរ​។

លោក ថន សុ​វណ្ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពញាឮ មិន​អាច​ទំនង​ទំនង​​ជួប​បានទេ ដើម្បី​សុំ​ការ​ពន្យល់​ពី​លោក​ចំពោះ​បញ្ហា​នេះ ហើយ​ការ​ជួប​លោក​តាម​​រយៈ​ទូរស័ព្ទ​ក៏​លោក​ប្រាប់​ជាប់រវល់​ការងារ​រហូត​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114