ព័ត៍មានទាន់​ហេតុការណ៏
Search

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ប្រជុំ​ផ្សព្វផ្សាយ​ការងារ​ជំនាញ និង​ចែកជូន​នូវ បាវចនា អភិក្រម និង អនុសាសន៍​១០​ចំណុច របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដល់​មូលដ្ឋាន​អាវុធហត្ថ​ភ្នំពេញ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ​២០១៩​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ជំនាញ ដល់​មន្ត្រី ការិយាល័យ​ជំនាញ និង មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ទាំង​១២ ដើម្បី​ដាស់តឿន​រំលឹក​និង​ពង្រឹង នូវ​នីតិ​វិធី ក្នុងការ​អនុវត្ត​ច្បាប់ ព្រមទាំង​ដាក់ចេញ​នូវ​ផែនការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​រំលឹក​បន្ថែម​ដល់​នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យ​យកចិត្តទុកដាក់ លើ​ការរៀបចំ សេដ្ឋកិច្ច​គ្រួសារ ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ជាពិសេស​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​យ៉ាងហោចណាស់​មួយ​ឬ​ពីរដង​ក្នុង​មួយឆ្នាំ​។

​ឆ្លៀត​ក្នុង​ឱកាស​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ផ្តួច​ផ្តើមគំនិត​ផ្តិត​នូវ បាវចនា អភិក្រម និង អនុសាសន៍​១០​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ដល់​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ ក៏ដូចជា​ទីបញ្ជាការ​រាជធានី​ផ្ទាល់ ដើម្បី​យកទៅដាក់​តាំង​ជា​និមិត្តរូប ក្នុងការ​ដាស់តឿន​ក្រើនរំលឹក ដល់​កិច្ច​អនុវត្តិ ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន ដែល​រួមមាន​ខ្លឹមសារ​ដូចខាងក្រោម​៖
– បាវចនា ០២ ១. កែទម្រង់​ខាងក្នុង ២. បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ – អភិក្រម ០៥
១. ឆ្លុះកញ្ចក់ ២. ងូតទឹក ៣. ដុសក្អែល ៤. ព្យាបាល ៥. និង​វះកាត់ – អនុសាសន៍ ១០​ចំណុច​
១- ត្រៀមខ្លួន​ជាស្រេច​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារ​ជាតិ របស់​ប្រជាជន ព្រោះ​កងទ័ព​បានកើត​ចេញពី​ប្រជាជន និង​ធ្វើ​អ្វីៗ​ដើម្បី​សេចក្តី​សុខ​របស់​ប្រជាជន​, ២- រួម​ជា​មួយ​កម្លាំង​ផ្សេងទៀត រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ចូលរួម​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រយុទ្ធប្រឆាំង​ជាមួយ​ចោរកម្ម គ្រឿងញៀន ជួញដូរ​មនុស្ស និង​អំពើ​អសកម្ម​ផ្សេងៗ ត្រូវធ្វើ​ឲ្យ​ប្រទេស​របស់​យើង​ទៅជា​ប្រទេស ដែលមាន​សុខសន្តិភាព​ពិតប្រាកដ ដោយ​តម្លៃ​ណាក៏ដោយ មិនត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ណាមួយ​បំផ្លាញ​នូវ​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក​, ៣- ខិតខំ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង​វាយ​កំទេចចោល​ឲ្យ​ទាន់ពេលវេលា​នូវ​ឧបាយកល​បដិវត្តន៍​ព​ណ៌ ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​តាមរយៈ​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ និង​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ។ កម្លាំងប្រដាប់អាវុធ​មា​ន​ភារកិច្ច​ការពារ​រដ្ឋ ដូចនេះ​មិន​មាន​ពាក្យ​អ​ព្យា​ក្រិត​ជាមួយ​ពួក​ឧទ្ទាម ទាំង​ឧទ្ទាម​ក្នុង​ព្រៃ និង​ឧទ្ទាម​ទីក្រុង​នោះទេ។
យើង​ត្រូវតែ​កម្ចាត់​ចោល​ជាបន្ទាន់ ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជា នូវ​ទង្វើ​ណាក៏ដោយ ដែល​ប៉ុនប៉ង​ដណ្ដើម​អំណាច​ក្រៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ក្រៅ​ការបោះឆ្នោត ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​,

៤- សូម​ឲ្យ​កងទ័ព​ទាំងអស់​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងទៀត ដើម្បី​ជួយ​ដល់​ប្រជាជន ពិសេស​ពេល​មាន គ្រោះ​មហន្តរាយ កងទ័ព​ជា​កូនចៅ​ប្រជាជន នៅ​ទីកន្លែង​ណា​ក៏​ដោយ​ត្រូវ​មើល​ត្រូវ​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ ជួយ​ដល់ ប្រជាពលរដ្ឋ ដែល​មាន​ការ​លំបាក ខិតខំ​ធ្វើ នូវ​កិច្ច​ការដែល​យើង​អាច​ធ្វើ​ទៅ​រួច ជួយ​ដល់​ប្រជាជន ជាពិសេស​ប្រជាជន ដែល​មាន​ជីវភាព​ក្រីក្រ​ជួប​ការ​លំបាក ហើយ​កុំ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក​ដោយសារតែ​ទង្វើ​មិន​គប្បី​នៃ​កងទ័ព​របស់​យើង​, ៥- ត្រូវ​គាំទ្រ​ដល់​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ធានា​ទៅដល់​ការ ការពារ​ព្រៃឈើ ជលផល និង​ធនធានធម្មជាតិ​ដទៃទៀត​។

កងទ័ព​ទាំងអស់ ត្រូវ​ចូលរួម​រក្សា​ព្រៃឈើ មិន​ត្រូវ​ក្លាយ​ជា​អ្នក​កាប់​ឈើ ឬ​ជា​អ្នកការពារ​ឈ្មួញ​កាប់​ឈើ នោះ​ទេ​។ ចូលរួម​រក្សា​នូវ​ត្រី ធនធាន​ជលផល​ដ៏​កម្រ​របស់​យើង មិន​ត្រូវ​ចូលរួម​នឹង​អំពើ​អសកម្ម​នានា ទាក់ទង​នឹង​វិស័យ ជលផល​ដែល​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​នោះ​ទេ​។ ត្រូវ​ចូលរួម​រក្សា នូវ​ធនធានធម្មជាតិ​ដទៃ​ទៀត ដែល​មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

៦- គាំទ្រ​ដល់​ការ​ប្រមូល​ចំណូល​ថវិកាជាតិ ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ ខិតខំ​ទប់ស្កាត់​ការរកស៊ី​គេចពន្ធ និង ឧក្រិដ្ឋកម្ម​ឆ្លងដែន ។ ត្រូវ​រួមគ្នា មិនមែនជា​ភារកិច្ច​ដាច់ដោយឡែក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អង្គភាព​គយ ឬ អង្គភាព​ពន្ធដារ​នោះទេ ប៉ុន្តែ​ត្រូវមាន​ការជួយ​គាំទ្រ​ទាំងអស់គ្នា ហើយ​ខ្លួន​យើង​ម្នាក់ៗ ក៏ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ដូចគ្នា​, ៧- ខិតខំ​ពង្រឹង​វិន័យ​កងទ័ព បង្កើន​សមត្ថភាព​លើ​គ្រប់ផ្នែក ការ​ហ្វឹកហ្វឺន​ត្រូវធ្វើ​ជាប្រចាំ​គ្រប់​មុខជំនាញ​ទាំងអស់ សម្ភារៈ​កាន់តែ​ទំនើប បើ​មនុស្ស​មិន​ទំនើប គឺ​ស្មើ​និង​គ្មាន​សម្ភារៈ ទាំង​នោះទេ ។ ស៊ូ​បង្ហូរ​ញើស​លើ​ទីលាន​ហ្វឹកហាត់ ប្រសើរ​ជាង​បង្ហូរ​ឈាម​លើ​ទីលានប្រយុទ្ធ មានន័យថា ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់ គឺ​កាត់បន្ថយ​ការហូរ​ឈាម និង ការស្លាប់​នៅ​ទីលានប្រយុទ្ធ ហើយ​សុំ​យក​ឱកាស​នេះ​ផ្តាំផ្ញើ សុំ​ខិតខំ​សម្រក​ក្បាលពោះ​, ៨- ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សម្ភារៈ​យុទ្ធោបករណ៍​គ្រប់​ប្រភេទ​ទាំងអស់​ដែល​ជា​គ្រឿង​បំពាក់​សម្រាប់​កងទ័ព របស់​យើង ហើយ​ត្រូវ​ពិនិត្យ​វា​ជាប្រចាំ ត្រូវតែ​ថែទាំ​ឲ្យ​បាន​គត់មត់​ដើម្បី​ធានា​ថា អាវុធ​របស់​យើង​នេះ​ប្រើប្រាស់​បាន ហើយ​ចំ​គោលដៅ​នៅ​ពេល​ដែល​មានការ​គឺ​ចំ​គោលដៅ​,

៩- យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព ដើម្បី​ឲ្យ​កងទ័ព​យើង​មាន​គ្រប់​លក្ខណៈ​សម្បត្តិ និង​ថែទាំ​សុខភាព ជម្រក​ស្នាក់នៅ ទីកន្លែង​នានា ម្ហូបអាហារ ត្រូវ​បន្ត​ការ​យក​ចិត្តទុកដាក់​មើល​ថែទាំ​ថែមទៀត​នូវ​ជីវភាព​របស់​កង​ទ័ព ហើយ​អង្គភាព​នីមួយៗ​ត្រូវ​ម្ចាស់​ការ​ធ្វើ​ខ្លួនឯង ដើម្បី​បន្ថែម​ទៅលើ​របប​ដែល​រដ្ឋ​ផ្តល់​ជូន ដោះស្រាយ​ការ​ព្យាបាល​ឲ្យ​បាន​ហ្មត់ចត់ ទន្ទឹមនឹង​ការ​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​ដែល​កំពុង​នៅក្នុង​ជួរ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​ដែល​បាន​ចូលនិវត្តន៍​តាមរយៈ​សមាគម​អតីតៈ​យុទ្ធជន។ ១០- កងទ័ព​ត្រូវ​ដើរ​តួនាទី​ជា​អ្នកការទូត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង និង​កសាង ទំនាក់ទំនង​ល្អជា​មួយ បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់​នៅលើ​ពិភពលោក​។ តាមរយៈ​ទំនាក់ទំនង​ល្អជា​មួយ ប្រទេសជិតខាង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​រដ្ឋ​និង​រដ្ឋ ប្រសើរ ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ គឺ​បាន​ប្រសើរឡើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114