ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Guardiola​រៀប​ផែនការ​សម្រាប់​យុទ្ធនាការ​បន្ទាប់​របស់​ក្រុម Man City

​អ្នកចាត់ការ​របស់​ក្លិប Man City​លោក Pep Guardiola​កំពុងតែ​រៀប​ផែនការ​រួចហើយ​ជាមួយ​គ្រូបង្វឹក​ជំនួយការ​របស់លោក​ស​ម្រា​ប់​រដូវ​កាល​ក្រោយ ដោយ​លោក​បាន​អះអាងថា ក្រុម​តារាបាល់ទាត់​របស់លោក នឹង​ប្តេជ្ញា​ដណ្តើម​ឲ្យ​បាន​១០០​ពិន្ទុ​ជាថ្មី​ម្តងទៀត ដើម្បី​តតាំង​ដល់ទី​បញ្ចប់​ជាមួយ​ក្រុម Liverpool​សម្រាប់​ជើងឯក Premier League​។

ក្រុម Man City​ដណ្តើមបាន​ពិន្ទុ​ដ៏​អស្ចារ្យ​១៩៨​ពិន្ទុ​ក្នុងការ​ឈ្នះ​ជើងឯក Premier League​សម្រាប់​២​រដូវ​កាល​ចុងក្រោយ​នេះ ប៉ុន្តែ​ពិន្ទុសរុប​៩៨​ពិន្ទុ​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ បានឈ្នះ​ក្រុម Liverpool​តែ​១​ពិន្ទុ​គត់​។

ខណៈ​នោះ​ដែរ ក្រុម Man City​អាច​នឹង​ប្រកាស​ជើងឯក​បាល់ទាត់​ក្នុងស្រុក​ទាំង​៣​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ខណៈដែល​ក្រុម Watford​ទំនង​ជាង​ដឹង​ខ្លួនឯង​ច្បាស់​ថា នឹង​ទទួលរង​ភាព​ខកចិត្ត​ខ្លាំង​របស់​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup​នា​យប់​ថ្ងៃ​សៅរ៍​នេះ នៅក្នុង​ទឹកដី Wembley​។​
​ក្រុម Man City​របស់លោក Pep Guardiola​បានឈ្នះ​ជើងឯក Premier League​និង League Cup​រួចទៅហើយ​។

ពួកគេ​នឹង​ក្លាយជា​ក្រុម​ដំបូង​គេ​នៅ​អង់គ្លេស ឈ្នះ​ជើងឯក​បាល់ទាត់​ក្នុងស្រុក​អង់គ្លេស​ទាំង​៣ បើសិនជា​ពួកគេ​យកឈ្នះ​ក្រុម Watford​នៅវេលា​ម៉ោង​៥​ល្ងាច​នេះ​(​ម៉ោង​នៅ​អង់គ្លេស​) ដែល​នៅ​កម្ពុជា​យើង​ត្រូវ​នឹង​ម៉ោង​១១​យប់​។

ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​ក្រុម Watford​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១១​នៅលើ​តារាង Premier League​ឈ្នះ​ជើងឯក FA Cup​ជា​លើកដំបូង​មិន​ធ្លាប់​ដែលមាន​ពីមុនមក ពួកគេ​នឹង​រកបាន​កៅអី​លេង​នៅ Europa League នា​រដូវ​កាល​ក្រោយ​ផងដែរ តែ​វា​នឹង​ក្លាយជា​ភាព​តក់ស្លុត​ខ្លាំង​បំផុត​ផងដែរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​នេះ ចាប់តាំងពី​ក្រុម Wigan​បាន​បំបាក់​ក្រុម Man City១-០​កាលពី​ឆ្នាំ​២០១៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114