ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Zamalek កំពុង​ជួប​វិបត្តិ​អ្នកចាំទី​មុន​ការប្រកួត​ជើង​ទី​១​វគ្គ​ផ្តាច់ព្រ័ត្រ CAF Confederation Cup នៅ​ថ្ងៃអាទិត្យ​នេះ​

​ក្រុម Zamalek របស់​អេ​ហ្ស៊ី​ប បាន​ឡើងដល់​ជើង​ទី​១​វគ្គ​ផ្តាច់ព្រ័ត្រ CAF Confederation Cup ជាមួយ​ក្រុម Renaissance Berkane របស់​ម៉ា​រ៉ុ​កនា​ថ្ងៃអាទិត្យ​នេះ ជាមួយនឹង​អ្នកចាំទី​ជម្រើស​ទី​៣​របស់ខ្លួន ដោយសារតែ​គ្មាន​សល់​អ្នកចាំទី​ណា​ម្នាក់​សេសសល់​ទៀត​ទេ​។

អ្នកចាំទី Omar Salah នឹង​ចូលខ្លួន​មក​ធ្វើជា​តួឯក ដោយសារតែ​អ្នកចាំទី​ជម្រើស​ដំបូង Mahmoud ‘Gennesh’ Abdel ត្រូវបាន​ព្យួរ​ឈ្មោះ ហើយ​អ្នកចាំទី​ជម្រើស​ទី​២ Emad el Sayed មាន​របួស។

​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​គែ​មួយ​នេះ បាន​ចុះបញ្ជី​អ្នកចាំទី​៣​នាក់​សម្រាប់​ការប្រកួត​បាល់ទាត់​អាហ្វ្រិក​មួយ​នេះ ដែល​ស្មើនឹង​ក្របខណ្ឌ​បាល់ទាត់ UEFA Europa League នៅ​អឺរ៉ុប ហេតុ​ដូច្នេះហើយ​បើសិនជា​អ្នកចាំទី Salah របួស ឬ​ត្រូវ​បណ្តេញ​ចេញពី​ការប្រកួត​ទៀត នោះ​កីឡាករ​នៅក្រៅ​ទីលាន ច្បាស់​ជា​នឹងត្រូវ​ចូលខ្លួន​មក​ជំនួស​គាត់​ហើយ​។

នៅ​ពេល​ដែល​អ្នកចាំទី Abdel Rahim ទទួលបាន​កាត​ក្រហម​ភ្លាមៗ​នៅ​ការប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម Etoile Sahel នៅ​ប្រទេស​ទុយ​នី​ស៊ី ខ្សែប្រយុទ្ធ Omar el Said បាន​ចូល​លេង​ជំនួស​គាត់ ពេលដែល​កីឡាករ​បម្រុង​ទាំង​៣​នាក់ ត្រូវបាន​ប្រើប្រាស់​អស់​ទៅហើយនោះ​។

លោក Christian Gross អតីត​គ្រូបង្វឹក​របស់​ក្រុម Spurs​និង​ជា​គ្រូបង្វឹក​របស់​ក្រុម Zamalek បាន​និយាយថា វា​មិនមែនជា​ស្ថាន​ភាព​ល្អ​សម្រាប់​ពួកយើង​នោះទេ ដោយសារតែ​យើង​នៅសល់​អ្នកចាំទី​តែ​ម្នាក់​គត់​សម្រាប់​លេង​នៅ​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ​។

លោក​បន្តថា ប៉ុន្តែ​លោក​មាន​ជំនឿ​ចិត្ត​ច្បាស់​លើ​អ្នកចាំទី Omar Salah ហើយ​ជឿជាក់ថា គាត់​នឹង​ក្លាយជា​អ្នក​ជំនួស​ដ៏​មានតម្លៃ​ម្នាក់ ពេលដែល​អ្នកចាំទី Mahmoud ត្រូវ​ព្យួរ​ឈ្មោះ និង​អ្នកចាំទី Emad មាន​របួស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114