ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ សូល​ទី​ឡូ​អង្គរ វិសាខា និង​ណាហ្គា​វើ​ល រកបាន​ជ័យជម្នះ​រៀងៗ​ខ្លួន​ប្រចាំ​សប្ដាហ៍​ទី​៨

​ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ក្រុម​វិសាខា និង​ង​ក្រុម​ណាហ្គា​វើ​ល សុទ្ធតែ​រកបាន​ជ័យជម្នះ​រៀងៗ​ខ្លួន​ប្រចាំ​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) ដែល​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​។

​ចំពោះ​ក្រុម​សូល​ទី​ឡូ​អង្គរ ដណ្តើមបាន​៣​ពិន្ទុ​ពី​ក្រុម​ភ្នំពេញ​ក្រោ​ន លើ​ទីលាន​កីឡដ្ឋាន​ស្វាយ​ធំ (​កីឡដ្ឋាន​ខេត្តសៀមរាប​) ក្រោយ​យកឈ្នះ​ក្នុង​លទ្ធផល​១​ទល់​០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​សូល​ទី​ឡូ​អង្គរ នេះ​រកបាន​ដោយ​កីឡាករ លី សា​រ័ត្ន ក្នុង​នាទី​ទី​១៣ នៃ​ការប្រកួត​។

ចំណែក​ក្រុម​វិសាខា វិញ​បាន​យកឈ្នះ​លើ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី លើ​ទីលាន​កីឡដ្ឋាន​វិសាខា របស់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លទ្ធផល​៥​ទល់​១​។ ចំពោះ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​វិសាខា គឺ​រកបាន​ដោយ​កីឡាករ ទិ​ត្យ ឌី​ណា នៅ​នាទី​៩ ហើយ​កីឡាករ​ប្រេ​ស៊ី​ល Eliel Cruz បន្ថែម​គ្រាប់​២​គ្រាប់​នៅ​នាទី​ទី​៦២​និង​៦៩ ខណៈ​កីឡាករ​ជនជាតិ​ប៊ុលហ្គារី រកបាន​១​គ្រាប់​ដែរ​នៅ​នាទី​ទី​៧៦ និង​កីឡាករ​ខ្មែរ​-​អ៊ីស្លាម សារី ម៉ាត់​ណូ​រ៉ូ​ទីន រកបាន​គ្រាប់​បាល់​ចុងក្រោយ​នៅ​នាទី​៨១​។ គ្រាប់​បាល់​១​គ្រាប់​វាយបក​របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី រកបាន​ដោយ​កីឡាករ សៀង ច​ន្ធា នៅ​នាទី​៣០​។

​ចុងក្រោយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល បានធ្វើ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ស្គាល់​បរាជ័យ​ជា​លើកដំបូង ដោយ​លទ្ធផល​៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។ ម្ចាស់​គ្រាប់​បាល់​ដែល​រកបាន​៣​ពិន្ទុ​ឲ្យ​ណាហ្គា​វើ​ល មាន​កីឡាករ សុះ ស៊ូ​ហា​ណា នៅ​នាទី​២១​និង​៤៨ ស្របពេល​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson រកបាន​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៦៤ និង​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Esho Omogba រកបាន​គ្រាប់​បាល់​ចុងក្រោយ​នៅ​នាទី​៧៣​។

​ចំណែក​៤​គូ​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​៨​នេះ​នឹង​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ គឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ក្រុម​បឹងកេត នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ខេត្តកំពង់ចាម នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​ដែរ​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114