ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ សមាគម កសិករ​ដាំ​ដុះ និង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​នីតិវិធី​នៃ​ការនាំចេញ​នាំចូល​កសិផល​”

បាត់ដំបង ៖ អាជីវករ សមាគម កសិករ​ដាំ​ដុះ និង អាជ្ញាធរ​មូលដ្ឋាន ចំនួន​ប្រមាណ ៨០​នាក់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​នីតិវិធី​នៃ​ការនាំចេញ​នាំចូល​កសិផល​”​នៅ​សាលាស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ដែល​រៀបចំឡើង​ដោយ វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ​រួមសហការ ជាមួយ​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តបាត់ដំបង កាលពីពេល​ថ្មីៗ​នេះ​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ហឿង សុគន្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង។

លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវ ជ្រាវ បាន​មានប្រសាសន៍​លើកឡើង​អំពី​សារសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ស្វែងយល់​អំពី​ព័ត៌មាន​ទីផ្សារ​និង​ការអភិវឌ្ឍ​តម្លៃ​បន្ថែម​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​។ ខេត្ត​បាត់ដំបង​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ​សម្រាប់​កសិកម្ម ដូចជា​ស្រូវ​និង​ដំឡូង​មី​ជាដើម​ដែល​តម្រូវ​ឲ្យ​ការកែច្នៃ​ដាក់​តម្លៃ​បន្ថែម​ដើម្បី​អាចធ្វើ​ការនាំចេញ​បាន និង ជា​ខេត្ត​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដែល​ជា​គោលដៅ​ទេសចរណ៍​ជាប់​ចំណាត់ថ្នាក់​ទី​១៣​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន។

មាន​ប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នា​ឱកាស​នោះ លោក ហឿង សុគន្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​របស់​កសិករ​រួមមាន កង្វះ​ទីផ្សារ ការធ្លាក់​ថ្លៃ និង​កង្វះខាត​រោងចក្រ​សម្រាប់ធ្វើ​ការកែច្នៃ​ផលិតផល​កសិកម្ម កង្វះ​តម្លៃ​បន្ថែម​លើ​កសិផល​ដែល​ជា​របាំង​ក្នុង​ការ​នាំចេញ​កសិផល​ទាំងនោះ​ទៅកាន់​ទីផ្សារ​។​ ឆ្លើយតប​នឹង​បញ្ហា​នេះ​ទើប​លោក បាន​បញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​ថ្ងៃនេះ ពិតជា​សារសំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114