ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ការប្រកួត​កីឡាវាយកូនគោល​”​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង “​ឆ្នាំ​២០១៩​អបអរ​ខួប​លើក​ទី​៧៤​ថ្ងៃកំណើត​កងកម្លាំង​នគរបាល​ជាតិ

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា , សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ NOCC រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចូលរួម​បើក​ការប្រកួត​កីឡា​វាយ​កូន គោល​”​ពានរង្វាន់​សម្តេច​ក្រឡា​ហោម​ស ខេង » ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​ទីលាន​វាយកូនគោល​ហ្គ្រែ​ន​ភ្នំពេញ​។

លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង ជា​អគ្គលេខាធិការ​សហព័ន្ធ​វាយកូនគោល​កម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល “​ពានរង្វាន់ សម្តេច​ក្រឡាហោម​សខេង​” ឆ្នាំ​២០១៩ ដែលមាន​រយៈពេល​មួយថ្ងៃ គឺ​ថ្ងៃទី​១៩ ខែឧសភា នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​ខួប​រំលឹក​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃកំណើត​កងកម្លាំង​នគរបាល​ជាតិ​(១៦​ឧសភា ១៩៤៥-១៦​ឧសភា​២០១៩) ដែល​បាន​កសាង​នូវ​ស្នាដៃ​សមិទ្ធផល​វីរភាព​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ជា​គំរូ​សម្រាប់​នគរបាល​ជាតិ​ជំនាន់​ក្រោយ ដែល​សម្រេចបាន​នូវ​ស្នាដៃ​និង​សមិទ្ធផល​យ៉ាង​ធំធេង ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ធានា​និរន្តរភាព​នៃ​ដំណើរការ​របស់​ស្ថាប័នរដ្ឋ ប្រក្រតីភាព នៃ​ជីវភាព​សង្គម ដែលជា​បុព្វបទ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធ្វើ​អោយសម្រេចបាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល។

ជាមួយនេះដែរ ការប្រកួត​កីឡាវាយកូនគោល “ ពានរង្វាន់​សម្តេច​ក្រឡា​ហោម​ស ខេង​”​នេះ ក៏​ក្នុង​គោលបំណង ដើម្បី​រឹត​ចំណង​សាមគ្គីភាព មិត្តភាព ហើយក៏​ជាការ​ជំរុញ​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុជា ដើម្បី​ឆ្ពោះទៅ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

លោក ជា បូរ៉ា បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត​កីឡាវាយកូនគោល “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម​សខេង​” ឆ្នាំ​២០១៩ មាន​កីឡាករ កីឡាការិនី​ជាតិ និង អន្តរជាតិ​ចូលរួម​ការប្រកួត​សរុប​ប្រមាណ ២០០ នាក់ ហើយ​ការប្រកួត​នេះ​ត្រូវបាន​បែង​ចែកជា​៣​ផ្នែក គឺ​១-​ការប្រកួត​ជា​ក្រុម​មាន​ចំនួន​៧២​នាក់ ២-​ការប្រកួត​ជា​ឯកត្តជន​មាន​ចំនួន​៨៦​នាក់ និង​៣-​ការប្រកួត​ផ្នែក​នារី មាន​ចំនួន​២១​នាក់ ។​
សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ម្ចាស់​ពាន​ផ្ទាល់ បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ វាយ​កូន​គោល​ជា​និម្មិត​រូប បើក​ការប្រកួត​កីឡា​វាយ​កូន គោល “ ពានរង្វាន់​សម្តេច​ក្រឡា​ហោម​ស ខេង​” ឆ្នាំ​២០១៩ ជា​ផ្លូវការ។​

តាម​ការ​កម្មវិធី​ដែល​គ្រោងទុក ការប្រកាស​លទ្ធផល​និង​ប្រគល់​ពានរង្វាន់​វាយកូនគោល “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម​ស ខេង​” ឆ្នាំ​២០១៩​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ព្រលប់​ថ្ងៃទី​១៩​ ឧសភា​ដដែល​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114