ព័ត៍មានទាន់​ហេតុការណ៏
Search

ប្តី​និង​កូន ​រង​របួស​ ចំណែក​ប្រពន្ធ​ស្លាប់​ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក​

តាកែវ ៖ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ជាមួយ​ប្រពន្ធ​កូន​បីនាក់​ ត្រូវបាន​រថយន្ត​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ជ្រុល​ទៅបុក​ទាំង​កំរោល​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​មួយ​រំពេច ​និង​កូនស្រី​អាយុ​៦​ឆ្នាំ​រងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ត្រង់ចំណុច​ភូមិ​ត្រាំត្បាល ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​។

ប៉ូលិស​ស្រុក​បាទី​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ឆ 3402 ភព​2 សណ្ដោង​ម៉ាស៊ីន​ខ្យល់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ដែល​បើកបរ​ដោយ​ឈ្មោះ លឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​វះ​ហោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឃ​ន ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ជា​ប្តី​) រងរបួស ប្រពន្ធ​មានឈ្មោះ ច្រឹង មឿង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​ឈ្មោះ ងុ​យ គីម​ហ៊​ង ភេទ​ស្រី អាយុ​៦​ឆ្នាំ ត្រូវជា​កូន​(​របួសស្រាល​) ដែល​គ្រួសារ​នេះ​រស់នៅ​ភូមិ​ព្រៃ​ក្រូច ឃុំ​ព្រែក​តាសរ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ព្រមទាំង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114