ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ក្របី​វៀតណាម ​កំពុងតែ​លុកលុយ​ស្រុក​អង្គ​បូរី ពលរដ្ឋ​មានការ​ត្អូញត្អែរ​ថា​ប៉ះពាល់​ផលដំណាំ​

តាកែវ ៖ សត្វ​ក្របី​វៀតណាម​រាប់រយ​ក្បាល​​ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមកក្នុង​ទឹកដី​ស្រុក​អង្គរ​បូរី ខេត្តតាកែវ នា​រដូវ​ទឹក​ស្រក​នេះ ដែល​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា ចូល​ស៊ី​ផលដំណាំ​ពួកគាត់ ដោយ​មិនមាន​ការហាមឃាត់​ឬ​ទប់ស្កាត់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ឡើយ​។​

រឿង​សត្វ​ក្របី​វៀតណាម​ចូលមកក្នុង​ស្រុក​អង្គរ​បូរី​លុកលុយ​ផលដំណាំ អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​ហ៊ាន​ឲ្យ​ឈ្មួញ​វៀតណាម នាំ​ក្របី​ចូលក្នុង​ស្រុក​អង្គរ​បូរី គឺមាន​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ម្នាក់​ជា​អ្នក​រត់ការ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំណុច​ប្រឡាយ​លេខ​០៣ និង​លេខ​០៤ ស្ថិតក្នុង​ស្រុក​អង្គរ​បូរី ខេត្តតាកែវ បាន​ប្រាប់​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​​។

ពលរដ្ឋ​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយទៀតថា សត្វ​ក្របី​វៀតណាម​ដែល​ចូលមក​រកស៊ី​ផលដំណាំ​ទាំង​វ៉ូង​ៗ រាប់រយ​ក្បាល​ក្នុង​ទឹកដី​របស់​យើង​បាន​ដោយសារ​តែមាន​អ្នក​ជួយ​រត់ការ​ឲ្យ​ឈ្មួញ​ដែលជា​ម្ចាស់​ក្របី​ត្រូវរ៉ូវ​គ្នា​ជាមួយនឹង​អាជ្ញាធរ និង​សមត្ថកិច្ច​អស់​ទៅហើយ ទើប​ក្របី​នោះ​ចូលមកក្នុង​ទឹកដី​របស់​កម្ពុជា​យើង​បាន​ដោយ​សេរី​។ ពិសេស​ជាង​នេះ​ពួកគេ​បាន​ប្រើ​រូបភាព​ជួល​អ្នក​ឃ្វាល​ក្របី​ជា​ជនជាតិ​ខ្មែរ​ដើម្បី​បំភ័ន្ត​ភ្នែក​។​

ជុំវិញ​ករណីនេះ លោក ម៉ៅ ញឹម មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អង្គរ​បូរី នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​បាន​ប្រាប់​ថា លោក​នឹង​ធ្វើការ​ស្រាវជ្រាវ ជុំវិញ​ករណី​ដែលមាន​អ្នក​ហ៊ាន​លួច​នាំ​សត្វ​ក្របី​វៀតណាម​ចូលមក​ស៊ី​ផលដំណាំ​នៅក្នុង​ទឹកដី​ស្រុក​អង្គរ​បូរី ដែលជា​ស្រុក​ជាប់​ព្រំដែន​។ ចំណែកឯ​រឿង​ពលរដ្ឋ​លើកឡើងថា អ្នករត់​ការ​ឲ្យ​សត្វ​ក្របី​វៀតណាម​ចូល​នោះ​ជា​កូនចៅ​របស់លោក លោក​នឹង​ធ្វើការ​សួរនាំ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​រឿងនេះ​។​

ជា​ចុងក្រោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អង្គរ​បូរី​បានធ្វើការ​អរគុណ​យ៉ាងខ្លាំង​ចំពោះ​អ្នក​សារព័ត៌មាន ​ដែល​បានផ្តល់​ដំណឹង​នេះ​ឲ្យ​លោក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114