ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​រាប់បាត្រ​ព្រះសង្ឃ​១២០​អង្គ​ថ្ងៃបុណ្យ​វិសាខបូជា

ស្វាយរៀង ​៖​ ពិធីបុណ្យ​វិសាខបូជា​ នា​ព្រឹក​ថ្ងៃអាទិត្យ​១​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​សួនច្បារ​លោកនាយ​ឧត្ដមសេនីយ៍​ ហុក ឡងឌី​(​សួន​ពោធិ៍​ព្រឹក​)​ក្រុង​ស្វាយរៀង មាន​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១២០​អង្គ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត​លោក លោកស្រី​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព មន្ត្រីរាជការ កងកម្លាំង​ទាំងបី និង​ប្រជា​ពុទ្ធបរិស័ទ ព្រះសង្ឃ យាយជី តាជី ចូលរួម​យ៉ាង​ច្រើន​កុះករ។

គួរ​រំលឹក​ផង​ដែរ​ថា តាម​ប្រវត្តិ​បុណ្យ វិសាខបូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្ស​រណកិច្ច​ដ៏​សំខាន់ សម្រាប់​រំលឹក​ដល់​ព្រះពុទ្ធ​សមណគោតម​ព្រះបរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គឺ​ថ្ងៃ ១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ​តែង​ធ្វើ​សក្ការបូជា​ប្រកបដោយ​ជំនឿ​ថា​ ជា​មហា​កុសល​ដ៏​ប្រសើរ ហើយ​ការដែល​ប្រារព្ធ​ពិធី​បូជា​នា​ថ្ងៃ ១៥​កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោកអ្នក​ប្រាជ្ញ​ខាង​ពុទ្ធសាសនា បាន​កំណត់​ទុកក្នុង​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ : ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា -​ទ្រង់​ត្រាស់ដឹង​អនុត្ត​សម្មាសម្ពោធិញ្ញាណ -​ទ្រង់​រលត់ខន្ធ​ចូលកាន់​បរិនិព្វាន​។ នៅក្នុង​ឱ​កាស​នោះ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ សូត្រធម៌​រំលឹក​គុណ​ដល់​ព្រះសម្មាសម្ពុទ្ធ ជា​ម្ចាស់ ដែល​ព្រះអង្គ បានផ្តល់​នូវ​ពុទ្ធ​ឱ​វាទ​ល្អៗ​សម្រាប់​ព្រះសង្ឃ​និង​គ្រហស្ថ​គោរព​និង​អនុវត្តតាម​ព្រមទាំង​បាន បួងសួង​សូម​សេចក្តីសុខ សេចក្តីចម្រើន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114