ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​ស្រុក​មក​ធ្វើ​សំណង់​បែរជា​ដេកស្លាប់​នៅ​កន្លែងធ្វើការ​របស់ខ្លួន

កំពង់ចាម ​៖ ​មានការ​ភ្ញាក់ផ្អើល​មួយ​ បានកើត​ឡើង​នៅ​ថ្ងៃទី​19​ ខែឧសភា​ ឆ្នាំ​2019 វេលា​ម៉ោង 6​និង 50​នាទី នៅ​ភូមិ​ចុង​កោះ ឃុំ​កោះអណ្តែត ស្រុក​សន្ធរ ខេត្តកំពង់ចាម ដោយសារតែ​ជាងសំណង់​ម្នាក់​បាន​ដេកស្លាប់​នៅ​កន្លែងធ្វើការ​របស់ខ្លួន។

ប៉ូលិស​បានអោយដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​19​ ខែឧសភា​ ឆ្នាំ​2019​នេះ​ កម្លាំង ប៉ុស្តិ៍​កោះអណ្តែត បានទទួល​ព័ត៌មាន​ពី​គណៈកម្មការ​វត្ត​ថា​: មាន​ជាងសំណង់​ម្នា​ក់បាន ដេកស្លាប់ នៅ​ចំណុច​វត្ត​មង្គល​នាទី ស្ថិតនៅ​ភូមិ​ចុង​កោះ ឃុំ​កោះអណ្ដែត​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

ប៉ូលិស​បាន​បន្តថា ​បន្ទា​ប់​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម ​កម្លាំង​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ មាន​ក្រុមប្រឹក្សាឃុំ មេភូមិ​និង​មន្ត្រី​មណ្ឌល​សុខភាព​ឃុំ ចុះ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ​ឈ្មោះ សេង គឹម​ស៊ា​ប ភេទ​ប្រុស អាយុ​40​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

តាម​ការពិនិត្យ​នៅលើ​ផ្នែក​ក្បាល​ដងខ្លួន​និង​អវយវៈ ឃើញថា​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់សំគាល់​ទេ។

តាម​ការបំភ្លឺ​របស់​ឈ្មោះ​ម៉ាង ម៉េង​ហៀ​ង ភេទ​ប្រុស​អាយុ 19 ឆ្នាំ​ត្រូវជា​ក្មួយបង្កើត របស់​សព នៅ​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ដែល មក​ធ្វើ​ជាង​សំណង់​ជាមួយគ្នា បាន​បំភ្លឺថា​ ​កាលពី​យប់​ថ្ងៃទី 18 ខែឧសភា ឆ្នាំ 2019 ជនរងគ្រោះ​បាន​ផឹកស្រា អស់​ចំនួន​កន្លះ​លីត្រ ​រួច​ក៏​នាំគ្នា​ទៅ​មើលល្ខោន រហូតដល់​ម៉ោង​ប្រហែល​21​យប់ ថ្ងៃ​ដដែល ពួកខ្លួន​ក៏​ត្រឡប់ មក​ដេក​នៅ​កន្លែងធ្វើការ​វិញ​។​ លុះដល់​ព្រឹក​ឡើង ឈ្មោះ​ម៉ាង ម៉េង ហៀ​ង​ ក៏​ហៅ​ជនរងគ្រោះ​អោយ​ងើប ធ្វើការ តែ​ជនរងគ្រោះ​មិន​ងើប​ទើប​ដឹងថា​ស្លាប់​។​

ប៉ូលិស​បានអោយដឹងថា តាម​ការសន្និដ្ឋាន​រប​ស់ គណៈកម្មការ​ចម្រុះ ឃើញថា ជនរងគ្រោះ ស្លាប់​ដោយ​ខ្យល់គរ ពុំមាន​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះទេ។

បន្ទាប់ពី​បាន​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114