ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​ប្រធាន​ក្រុមហ៊ុន​ GCG Asia ចោទ​ពី​បទ​ប៉ុនប៉ង​ឆបោក

ភ្នំពេញ​ ៖​ ម្ចាស់​ក្រុមហ៊ុន GCG Asia ដែល​បាន​យកឈ្មោះ និង​រូបថត​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​បង្ហោះ​វេ​ប​សាយ​របស់ខ្លួន ដើម្បី​ឆបោក​អ្នកដទៃ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ១៩​ឧសភា ឆ្នាំ​២០១៩​ដាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឆបោក។

ជន​ត្រូវ​ចោទ​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ DARREN YAW FOO HOE អាយុ​៤១​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី។ ចំណែក​ភរិយា​របស់​ជនជាប់ចោទ ត្រូវបាន​សមត្ថកិច្ច​សម្រេច​ដោះលែង​អោយមាន​សេរីភាព​វិញ។​

ជនជាប់ចោទ​ត្រូវបាន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៨​ឧសភា ក្នុងនោះ​ក្រោយពី​បានធ្វើ​ការសាកសួរ​ជនសង្ស័យ​រួចមក លោក​តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បានសម្រេច​ចោទប្រកាន់​លោក​DARREN YAW FOO HOE ពីបទ​ប៉ុនប៉ង​ឆបោក តាម​មាត្រា ៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៣៨១​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​បញ្ជូន​ជន​ត្រូវ​ចោទ​អោយ​ចៅក្រមស៊ើបសួរ​សម្រេច​តាមច្បាប់។

ម្ល៉ោះហើយ​ចៅក្រម​ស៊ើប​សួរ លោក​លាង សំណាត់ នៅ​ល្ងាច​ថ្ងៃទី ១៩​ឧសភា បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក​DARREN YAW FOO HOE ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​នៅពេល​ក្រោយ។

គួររំលឹកថា​ លោក​DARREN YAW FOO HOE ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ ខណៈពេល​សមត្ថកិច្ច​ចុះទៅ​បិទទ្វារ​ក្រុមហ៊ុន​GCG Asia។ សមត្ថកិច្ច​កម្ពុជា​បានដាក់​ការសង្ស័យថា​ក្រុមហ៊ុន​GCG Asia អាចមាន​ការពាក់ព័ន្ធ​នឹង​អំពើ​ឆបោក និង​លាង​លុយ។​

នៅ​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមក​ប្រកាស​ពី​ព័ត៌មាន​សន្តិសុខ​ជាតិ​មួយ ដែល​សម្តេច​ចាត់ទុកថា ជា​ព័ត៌មាន​សំខាន់ និង​បន្ទាន់ គឺមាន​ការ​​​យក​រូបថត​សម្តេច​ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន​មួយ ដើម្បី​បោកប្រាស់​គេ​។​

សម្តេច​បានបញ្ជាក់​យ៉ាងនេះ​ថា កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់ចូល​ក្នុង Black List”​។​

សម្តេច​បាន​បញ្ជាក់ថា ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់។

ជាមួយគ្នា​នោះ សម្ដេច​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114