ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​បើកបរ​រេ​ចង្កូត បុក​រះ​តាម​ដង​ផ្លូវ បង្ក​អោយ​មនុស្ស​៥​នាក់​រង​របួស​ធ្ងន់

បាត់ដំបង ​៖​ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន ៥ នាក់​ដែរ ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​មាន​រថយន្ត​មួយគ្រឿង ដែល​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​មក​បុក​រះ​ទៅលើ​ជនរងគ្រោះ​ទាំងនោះ​ដោយ​មិនដឹង​ខ្លួន​នៅតាម​ចិញ្ចើមថ្នល់។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​​បានអោយដឹងថា ករណីនេះ​ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​៤០​នាទី ព្រលប់​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ ឆ្នាំ ២០១៩ នៅ​ចំណុច ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី បា​ឡែ​ន ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA 4055 បើកបរ​ដោយ​ឈ្មោះ ធឹង លី​ដូរ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​កំប៉ង់​កើត ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់។​

​របាយការណ៍​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេត​ឃើញ​រថយន្ត​ខាងលើ​ បាន​បើកបរ​យ៉ាង​លឿន លុះ​ដល់​ចំណុច​ខាងលើ​ដែល​ផ្លូវ​មាន​សភាព​កោង​ផង​នោះ​ រថយន្ត​ក៏បាន​ជ្រុល​ចង្កូត ទៅបុក​រះ​លើ​ម៉ូតូ ១ គ្រឿង ម៉ាក​សង់​កូរ៉េ ព​ណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ រ៉េត វីត ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណន់ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ រង​របួស​ធ្ងន់ បាក់​ជើង​ស្តាំម្ខាង។

ប្រភព​មួយចំនួន​ដែល​នៅ​ទី​នោះបាន​បន្ថែមថា ក្រោយពី​បុក​ទៅលើ​ម៉ូតូ​នោះ​រួចមក​ រថយន្ត​បាន​ជ្រុល​ទៅបុក​នឹង​រោង​អាំង​សាច់​បណ្តាល​អោយ​របួស​មនុស្ស២ នាក់​បន្ថែមទៀត ដែល​ជនរងគ្រោះ​មាន ឈ្មោះ ហ៊ា​ត កេ​សី ភេទ​ស្រី អាយុ ៣២ ឆ្នាំ និង ឈ្មោះ អឿ​ប សៅ​រិ​ន ភេទ​ស្រី អាយុ ៣៥ ឆ្នាំ អ្នក​ទាំង ២ រស់នៅ​ភូមិ​ដូង ឃុំ​ឈើទាល ជាមួយគ្នា គឺ​រងរបួស​ធ្ងន់។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ដោយសារតែ​កម្លាំង​រថ​យន្ត​មាន​ល្បឿន​លឿន ធ្វើអោយ ជ្រុល​ទៅ បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ ម៉ាក​សង់​កូរ៉េ​ចាស់ ព​ណ៍​ប្រផេះ ពាក់ ស្លាក​លេខ បាត់ដំបង 1J 1574 បើកបរ​ដោយ ឈ្មោះ ហ៊ា ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង (​ធ្ងន់​) និង​អ្នក រួម​ដំណើរ ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ ឈ្មោះ និមល អាយុ ៤៣ ឆ្នាំ គឺ​របួស​យ៉ាងធ្ងន់ធ្ងរ​ដូចគ្នា ដោយ​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ខេត្ត​អស់ហើយ​ដើម្បី​សង្គ្រោះ​។​

​លោក​វរសេនីយ៍ទោ ឆៃ ចាន់​តារា នាយការិយាល័យ ចរាចរណ៍​ផ្លូវគោក ខេត្ត​បាន​លើកឡើងថា នេះ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​បើកបរ ក្នុង​ពេលយប់​ងងឹត ដោយសារតែ​អ្នកបើក​បរបាន​ប្រើប្រាស់​ល្បឿន​លឿន លើ​កំណាត់​ផ្លូវ​កោង​ ទើប​បង្កអោយមាន​ករ​ណី​នេះ​កើតឡើង។

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ អ្នកបើកបរ និង រថយន្ត គឺ​លោក​បាន​ចាត់​កម្លាំង​ជំនាញ​ចរាចរណ៍ អោយ​នាំ យកទៅ​ការិយាល័យ​ហើយ ចំណែក​មធ្យោបាយ​ទាំងអស់ គឺ យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ជា​បណ្តោះអាសន្ន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114