ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump៖ ប្រសិនបើ​ទីក្រុង​តេ​រ៉ង់​វាយប្រហារ​នោះ ​វា​នឹង​ក្លាយជា​ការបញ្ចប់​ជា​ផ្លូវការ​របស់​អ៊ីរ៉ង់​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានចេញ​ការព្រមាន​គំរាម​មួយ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​ដោយ​អះអាងថា ប្រសិនបើ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​វាយប្រហារ​លើ​ផលប្រយោជន៍​របស់​អាមេរិក​នោះ វា​នឹងត្រូវ​កម្ទេច​។​

លោក Trump បាន​និយាយ​នៅក្នុង Twitter ថា “​ប្រសិនបើ​អ៊ីរ៉ង់​ចង់​ប្រយុទ្ធ​នោះ វា​នឹង​ក្លាយជា​ការបញ្ចប់​ជា​ផ្លូវការ​របស់​ប្រទេស​អ៊ីរ៉ង់​។ វា​លែង​គំរាមកំហែង​ដល់​សហរដ្ឋ​អា​មេ​រិ​កម្ត​ង​ទៀតហើយ​”​។​

ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​រ៉ង់​បាន​កើនឡើង​នៅពេលដែល​សហរដ្ឋអាមេរិក​បានដាក់​ពង្រាយ​ក្រុមការងារ​នៃ​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​លើ​អ្វីដែល​ខ្លួន​ហៅថា​ជាការ​គំរាមកំហែង​រប​ស់​អ៊ីរ៉ង់​។ បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ភាពមន្ទិលសង្ស័យ​នៅក្រៅ​សហរដ្ឋអាមេរិក​។​

រដ្ឋបាល​របស់លោក Trump បាន​បញ្ជា​ឲ្យ​បុគ្គលិក​ការទូត​មិន​សំខាន់​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ដោយ​លើកឡើង​ពី​ការគំរាមកំហែង​ពី​ក្រុម​ប្រដាប់អាវុធ​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ហើយ​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​តំបន់​នេះ​។​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក Trump គឺ​លោក John Bolton កំពុង​ជំរុញ​ឲ្យ​មាន​វិធានការ​តឹងរ៉ឹង​លើ​ប្រទេស​អ៊ីរ៉ង់​ប៉ុន្តែ​អ្នក​ផ្សេងទៀត​នៅក្នុង​រដ្ឋបាល​នេះ​បាន​ជំទាស់​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ការរំពឹងទុក​នៃ​សង្គ្រាម​ថ្មី​មួយ​នៅក្នុង​តំបន់​កាលពី​ថ្ងៃ​សៅរ៍​ដោយ​និយាយថា ក្រុង​តេ​រ៉ង់​សូម​ប្រឆាំងនឹង​វា​ហើយ​គ្មាន​ភាគី​ណាមួយ​អាច​ប្រឈមមុខ​ដាក់គ្នា​បានទេ​។​

ទំនាក់ទំនង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​អាមេរិក​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ថ្មី​កាលពី​ឆ្នាំមុន​នៅពេលដែល​អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​និង​បាន​ដាក់ចេញ​នូវ​ទណ្ឌកម្ម​ឯកតោភាគី​ថ្មី​ដែល​ត្រូវបាន​ដក​ជា​ថ្នូរ​ឲ្យ​ទីក្រុង​តេ​រ៉ង់​បន្ធូរបន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​។​

អា​រ៉ា​ប៊ី​សា​អូឌីត​បាន​អំពាវនាវ​កាលពី​ថ្ងៃអាទិត្យ​ឲ្យ​មាន​កិច្ចចរចា​ថ្នាក់​តំបន់​ជាបន្ទាន់​ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​កំពុង​កើនឡើង​ដោយ​និយាយថា ខ្លួន​មិន​ចង់បាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ​ប៉ុន្តែ​បាន​ត្រៀមខ្លួន​ដើម្បី​ការពារ​ខ្លួន​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114