ព័ត៍មានទាន់​ហេតុការណ៏
Search

កុមារ​កម្ពុជា ​ដែល​ចេះ​និយាយបាន​ច្រើន​ភាសា​មានឱកាស​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ភ្នំពេញ ​៖ កុមារា​កម្ពុជា​ម្នាក់​ ដែលមាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង នៅលើ​បណ្ដាញ​សង្គម កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ដោយសារ​សមត្ថភាព​និយាយ​ភាសាបរទេស​ជាច្រើន​ភាសា​នោះ ទីបំផុត​ទទួលបាន​ឱកាស​ចូលរៀន​នៅ​សាលា​ឯកជន​មួយកន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មានបំណង​ប្រាថ្នា​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ នៅ​រដ្ឋធានី​ប៉េកាំង​ថែម​ទៀតផង​។​

នេះ​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​ កុមារា ធុច សា​លិ​ក ដែលមាន​វ័យ​១៤​ឆ្នាំ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ដោយ​ការសម្ដែង​រាំ​-​ច្រៀង របស់​សិស្សានុសិស្ស​មក​ពីសា​លា Zhejiang Hailiang Foreign Language School ខណៈដែល កុមារា​រូបនេះ ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ក្នុង​ទីក្រុង Shanghai កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​

ក្រុមហ៊ុន Hailiang Group ជា​ក្រុមហ៊ុន​ផលិត​នូវ​ផលិតផល​ធ្វើ​ពី​ទង់ដែង ក្នុង​ទីក្រុង Zhuji និង​ជា​ម្ចាស់​សាលារៀន​ខាងលើ បាន​លើកឡើងថា ខ្លួន​នឹង​ឧបត្ថម្ភ​ដល់​ការសិក្សា​របស់​កុមារា សា​លិ​ក និង​ចេញថ្លៃ​ពាក់កណ្ដាល​នៃ​ការចំណាយ​ក្នុងការ​រស់នៅ​របស់​កុមារ​រូបនេះ​ក្នុងពេល​សិក្សា​នៅ​សាកលវិទ្យាល័យ និង​ក្រោយ​បញ្ចប់​ការសិក្សា​ផងដែរ ប្រសិនបើ​សា​លិ​ក មានបំណង​ចង់​បន្ត​ការសិក្សា​។​

គួរ​បញ្ជាក់ថា ​ដោយមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទេពកោសល្យ​របស់​កុមារា​ពីរ​នាក់​បងប្អូន ដែល​អាចនិយាយបាន​ច្រើន​ភាសា​ក្នុងពេល​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​អង្គរ​នោះ​ កាលពី​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដល់​កុមារា ធុច សាលី​ក អាយុ ១៤​ឆ្នាំ និង​កុមារា ធុច ទិ​ត្យា អាយុ ១១​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​រស់នៅ និង​បន្ត​ការសិក្សា​រហូតដល់​ចប់​ចុង​ចប់​ដើម​ក្លាយជា​ធនធានមនុស្ស​ដ៏​ពូកែ​របស់​សង្គមជាតិ​។​

តាមរយៈ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ ដែល​ប្រគល់​អំណោយ​នាពេលនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​កោតសរសើរ​ដល់​ទេពកោសល្យ​ពូកែ​ចងចាំ​ភាសា​របស់​ចៅៗ​ទាំងពីរ​នាក់ និង​ផ្តាំ​ផ្ញើឱ្យ​យកចិត្តទុកដាក់​បន្ត​ការសិក្សា​រៀនសូត្រ​ឱ្យ​ចេះ​ច្បាស់លាស់​ទាំង​ការនិយាយ និង​ការសរសេរ លើ​ភាសា​ខ្មែរ និង​ភាសាបរទេស​។ បន្ថែម​ពីនេះ ត្រូវ​ចាប់យក​ជំនាញ ឬ​ឯកទេស​អ្វីមួយ​ឱ្យបាន​ច្បាស់លាស់ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​អនាគត​ភ្លឺស្វាង​ព្រោះ​ការចេះ​ភាសា​និយាយ​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ផ្តាំផ្ញើ​ថ្លែងអំណរគុណ​ដល់​ឪពុក​ដែល​ប្រកបរ​បរជា​ជាងគំនូរ និង​ម្តាយ​ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ ដែល​បាន​អប់រំ​ប្រៀនប្រដៅ បណ្តុះបណ្តាល​កូនៗ ឱ្យបាន​រៀនសូត្រ​គ្រប់គ្នា​។​

ទន្ទឹមនឹងនេះ កុមារា​ទាំងពីរ​នាក់​បងប្អូន បាន​សម្តែង​ក្តីរំភើប​រីករាយ​ឥតឧបមា​ដោយ​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាង​កក់ក្តៅ ពី​លោកយាយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​ចៅៗ​សូម​ប្តេជ្ញា​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ​ចាប់យក​ជំនាញ​ច្បាស់លាស់ ធ្វើជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​។​

សូមបញ្ជាក់ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា នៅបាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​ឪពុកម្តាយ​របស់​កុមារា​ទាំងពីរ​នាក់ សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ និង​ចិញ្ចឹម​បីបាច់​ដល់​កូនៗ​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114