ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​អាមេរិក​ធ្វើដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ទៅ​តំបន់​ទី​បេ

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទី​បេស​ម្រា​ប់​ការធ្វើដំណើរ​បែបនេះ​ជា​លើកដំបូង​ ដោយ​បេសកជន​អាមេរិក​មួយរូប​ក្នុង​រយៈពេល​បួន​ឆ្នាំ ​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​កម្រ​ទៅកាន់​តំបន់​ដែលមាន​ការ​រឹតបន្តឹង​មួយ​នេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ថានទូត​របស់គាត់​នៅ​ថ្ងៃ​ចន្ទ​។​

ដំណើរ​ទស្សនកិច្ច​រប​ស់ឯក​អគ្គរដ្ឋទូត​លោក Terry Branstad បានកើត​ឡើង​ពីរ​ខែ​បន្ទាប់ពី​ក្រសួងការបរទេស​អាមេរិក​និយាយថា ក្រុង​ប៉េកាំង​បាន​រារាំង​ការចូល​ទៅកាន់​តំបន់​ទី​បេស​ម្រា​ប់​អ្នកការទូត អ្នកកាសែត​និង​អ្នកទេសចរ​អាមេរិក​។​

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​និយាយ​តាម​អ៊ី​ម៉ែ​ល​ទៅកាន់ AFP ថា លោក Branstad គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត Qinghai និង​តំបន់​ស្វយ័ត​ទី​បេ​នៅ​ជិត​នោះ​ចាប់ពី​ថ្ងៃអាទិត្យ​រហូតដល់​ថ្ងៃ​សៅរ៍​នេះ​។​

អ្នកនាំពាក្យ​ដដែល​បាន​និយាយថា “​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ឯកអគ្គរដ្ឋទូត​ក្នុងការ​ចូលរួម​ជាមួយ​មេដឹកនាំ​ក្នុងស្រុក​ដើម្បី​លើកឡើង​នូវ​ក្តី​ព្រួយបារម្ភ​យូរអង្វែង​អំពី​ការ​រឹតបន្តឹង​សេរីភាព​សាសនា​និង​ការអភិរក្ស​វប្បធម៌​និង​ភាសា​ទី​បេ​”​។​

អ្នកនាំពាក្យ​ដដែល​បន្តថា “​លោក​ឯកអគ្គរដ្ឋទូត​សូម​ស្វាគមន៍​ចំពោះ​ឱកាស​នេះ​ដើម្បី​ទៅ​ទស្សនា​តំបន់​ស្វយ័ត​ទី​បេ​ហើយ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ឲ្យ​អនុញ្ញាត​ដល់​ប្រជាជន​អាមេរិក​ទាំងអស់​ចូល​តំបន់​នេះ​”​។​

លោក Branstad នឹងមាន​កិច្ចប្រជុំ​ជា​ផ្លូវការ ទៅ​ទស្សនា​សាលារៀន​ហើយ​ទស្សនា​តំបន់​បេតិកភណ្ឌ​សាសនា​និង​វប្បធម៌​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​បានកើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​។​

អ្នក​កាន់តំណែង​មុន​របស់លោក Branstad គឺ​លោក Max Baucus បានធ្វើ​ទស្សនកិច្ច​តំបន់​ទី​បេ​នៅ​ខែឧសភា​ឆ្នាំ​២០១៥​។​

យោងតាម​របាយការណ៍​ខែមីនា​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា សំណើ​ចំនួន​៥​ក្នុងចំណោម​សំណើ​ទាំង​៩​របស់​សហរដ្ឋអាមេរិក​ទៅកាន់​តំបន់​ទី​បេ​គឺ​ត្រូវបាន​ច្រានចោល​កាលពី​ឆ្នាំមុន​ដោយ​រួមទាំង​សំណើ​មួយ​របស់លោក Branstad ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114