ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្អើល​ពេញ​ភូមិ ខណៈ​ចោរ​ជិះ​ម៉ូតូ​ឆក់​កាបូប​អ្នកដំណើរ​ចេញពី​ស៊ី​ការ​ប៊ិះ​បានសម្រេច​

កណ្តាល​ ៖​ ចាប់ផ្តើម​កើតឡើង​ទៀតហើយ​នៅ​ទឹកដី​ស្រុក​ស្អាង​ ករណី​ឆក់​កាបូប តែ​មិនបាន​សម្រេច​ដោយ​ត្រូវ​ជនរងគ្រោះ​ស្រែក​ឆោឡោ​ផ្អើល​អ្នកភូមិ​ដេញចោរ​ និង​បាន​ប្រតាយប្រតប់​គ្នា​ទៀតផង​។​

​ហេតុការណ៍​នេះ ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​០០​នាទី នៅ ចំណុច​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ​ម៉េ​ត លីន ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ។​

ជនសង្ស័យ ០១​នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​)​ បាន​គេចខ្លួនបាត់ បន្សល់ទុក​នៅ​កន្លែង​កើតហេតុ​មាន កាបូប​១ ពណ៌​ខ្មៅ ជា​របស់​ជនរងគ្រោះ​និង​ម៉ូតូ​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ-2038
មួក​សុវត្ថិភាព​០១​ អាវ​វែង​ពណ៌​ខ្មៅ​០១(​របស់​ជនសង្ស័យ)។ ចំណែកឯ​សម្ភារៈ​បាត់បង់​មាន​ប្រាក់​រៀល​១.០៩០.០០០៛ ប្រាក់​ដុល្លារ​២០០​ដុល្លារ។

សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ត្រឡប់​មកពី​ហូប​ការ​នៅ​ចំណុច​គល់ស្ពាន​ព្រែ​កតា​ប្រាក់​វិញ មក​ជិត​ដល់ផ្ទះ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង​ជិះ​មកពី​ក្រោយ​បាន​ឆក់យក​កាបូប​ពី​ជនរងគ្រោះ ពេលនោះ​ជន រងគ្រោះ បាន​ស្រែកថា​ចោរៗ​ស្របពេលនោះ​ឈ្មោះ​ហេង​ភ័​ក្ត​ត្រូវជា​ប្តី​ក៏​រត់​ចេញពីផ្ទះ​មក​ផ្លូវ ឮ​ប្រពន្ធ​ប្រាប់ថា​ចោរឆក់​កាបូប​បាត់​ហើយ ភ្លាមៗ​នោះ​ឈ្មោះ​ហេង ភ័​ក្ត បាន​ទាញ​ម៉ូតូ​ពី​ប្រពន្ធ​ជិះ​ប្រដេញ​តាម​ក្រោយ ហើយ​បាន​ស្រែកថា​ចោរៗ លុះ​មកដល់​ចំណុច​ផ្លូវ​ចូលទៅ​ភូមិ​ទួល​ស្ពឺ ជនសង្ស័យ​បម្រុង​គេច​ចូល តែ​ត្រូវ​បាន​ឈ្មោះ​ហេង ភ័​ក្ត ​​មក​ទាន់ ពេល ​នោះ​អ្នក​ទាំង​ពីរ​បាន​វាយ​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​បាន​រត់គេចខ្លួន បន្សល់ទុក​នូវ​ម៉ូតូ​០១​គ្រឿង​មួក​សុវត្ថិភាព​០១ អាវដៃវែង​ពណ៌​ខ្មៅ​០១​។​

​ករណីនេះ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ដ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114