ព័ត៍មានទាន់​ហេតុការណ៏
Search

ការបោះឆ្នោត​ម៉ា​រ៉ា​តុង​របស់​ឥណ្ឌា​ ត្រូវ​បានបញ្ចប់ ​ដោយ​លោក Modi សង្ឃឹម​រក្សា​អាណត្តិ​ទី​ពីរ​

ការបោះឆ្នោត​ដ៏​តានតឹង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​របស់​ប្រទេស​ឥណ្ឌា​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​។ វា​គឺជា​ការបោះឆ្នោត​មួយ​ដែល​នឹង​សម្រេច​ទៅលើ​ថា​តើ​អ្នក​ជាតិនិយម​ហិណ្ឌូ​គឺ​លោកនាយក​រដ្ឋមន្ត្រី Narendra Modi បានទទួល​អាណត្តិ​ទី​ពីរ​ដែរ​ឬក៏​អត់​។​

ខណៈដែល​ស្ថានីយបោះឆ្នោត​ចុងក្រោយ​ត្រូវ​បិទទ្វារ​នោះ សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅ​ជុំវិញ​ម៉ាស៊ីន​បោះឆ្នោត​និង​ធុង​ឆ្នោត​ដែល​ប្រើ​សម្រាប់​ការបោះឆ្នោត​ធំ​បំផុត​របស់​ពិភពលោក​មុនពេល​ការរាប់​សន្លឹកឆ្នោត​ជា​ផ្លូវការ​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

ការស្ទង់មតិ​មុនៗ​មួយចំនួន​ដែល​ចេញផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​ឥណ្ឌា​បាន​ព្យាករណ៍​ថា គណបក្ស​ស្តាំនិយម Bharatiya Janata Party (BJP) របស់លោក Modi នឹង​បាត់បង់​អាសនៈ​ប៉ុន្តែ​សម្ព័ន្ធភាព​នេះ​នឹង​នៅតែ​ទទួលបាន​អាសនៈ​ភាគច្រើន​ក្នុងចំណោម​អាសនៈ​ចំនួន​៥៤២​។​

គណបក្សប្រឆាំង Congress party ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ទទួលបាន​អាសនៈ​កើនឡើង​ជាង​ទ្វេដង​ពី​ឆ្នាំ​២០១៤​ដែលមាន​ចំនួន​៤២​អាសនៈ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការស្ទង់មតិ​កាលពីមុន​គឺ​មិនអាច​ជឿជាក់​បានទេ​ដោយសារតែ​បញ្ហានយោបាយ​។​

ប៉ូលិស​និង​ទាហាន​ប៉ា​រ៉ា​រាប់ម៉ឺន​នាក់​កំពុង​បំពេញ​កាតព្វកិច្ច​នៅក្នុង​រដ្ឋ West Bengal ដែលជា​កន្លែង​មាន​ភាព​តានតឹង​ខ្ពស់​រវាង BJP និង​គណបក្សប្រឆាំង​ក្នុងអំឡុងពេល​៦​សប្តាហ៍​នៃ​ការបោះឆ្នោត​ដែល​ផ្តោតលើ​កំណត់ត្រា​របស់លោក Modi ចាប់តាំងពី​ការ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​របស់គាត់​កាលពី​៥​ឆ្នាំមុន​។​

អ្នកបោះឆ្នោត​បាន​តម្រង់​ជួរ​ដ៏​វែង​នៅ​ខាងក្រៅ​ស្ថានីយ៍បោះឆ្នោត​នៅ​ទូទាំង​រដ្ឋ​ភាគ​ខាងកើត​ប៉ុន្តែ BJP និង​គូប្រជែង​របស់​ពួកគេ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ជាថ្មី​ម្តងទៀត​អំពី​ការប្រើ​អំពើហិង្សា ការ​ក្លែងបន្លំ​និង​ការបំភិតបំភ័យ​។​

គ្រាប់បែក​ច្នៃ​ត្រូវបាន​គេ​គប់​ដាក់​ស្ថានីយ៍បោះឆ្នោត​មួយ​ក្នុង​ទីក្រុង Kolkata ហើយ​កងកម្លាំង​សន្តិសុខ​បានធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់ BJP, ពួក​កុ​ម្មុយ​និ​ស្ត​និង​ក្រុម​ដទៃទៀត​ដែល​បាន​រារាំង​ស្ថានីយ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ទីក្រុង​នេះ​។​

នៅក្នុង​រដ្ឋ Madhya Pradesh កណ្តាល​ប្រទេស​ឥណ្ឌា​, បុគ្គលិក BJP ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​មន្ត្រី​គណបក្ស Congress ក្នុងស្រុក Indore មុនពេល​ការបោះឆ្នោត​ត្រូវ​បិទ​។

ការប្រយុទ្ធ​គ្នា​រវាង BJP និង​បុគ្គលិក​គណបក្សប្រឆាំង​ក៏​ត្រូវបាន​រាយការណ៍​ផងដែរ​នៅ​ភាគ​ខាងជើង​រដ្ឋ Punjab៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114