ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំប្លែង Zelensky សម្ពោធ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន

តារា​កំប្លែង Volodymyr Zelensky បាន​បោះជំហាន​ចូលក្នុង​តួនាទី​ថ្មី​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជាមួយនឹង​ការសម្ពោធ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​ជាការ​ចាប់ផ្តើម​យុគសម័យ​ថ្មី​មួយ​សម្រាប់​ប្រទេស​ដែល​រង​ការឈឺចាប់​ដោយសារតែ​សង្គ្រាម​និង​បញ្ហា​សេដ្ឋកិច្ច​។​
​មួយខែ​បន្ទាប់ពី​ការទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​លើ​ប្រធានាធិបតី​កំពុងកាន់​តំណែង​លោក Petro Poroshenko, បុរស​វ័យ​៤១​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​ប្រធានាធិបតី​ក្មេង​បំផុត​ក្រោយ​សម័យ​សូ​វៀត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

សម្រាប់​ការ​ក្លាយជា​ប្រធានាធិបតី​លើកដំបូង លោក Zelensky ពីមុន​បាន​ដើរតួ​នៅក្នុង​ឈុត​ឆាកកំប្លែង​។ គាត់​បាន​ដើរតួ​ជា​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​ម្នាក់​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទាំង​មិន​នឹកស្មាន​ដល់​នៅក្នុង​រឿង​កំប្លែង “Servant of the People”​។​

នៅពេលដែល​តារា​សម្តែង​និង​តារា​កំប្លែង​រូបនេះ​បានប្រកាស​អំពី​បេក្ខភាព​របស់គាត់​នៅ​ថ្ងៃទី​៣១​ខែធ្នូ​, មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​យកចិត្តទុកដាក់​ប៉ុន្តែ​បន្ទាប់ពី​ការធ្វើ​យុទ្ធនា​ការឃោសនា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គាត់​បានឈ្នះ​សំឡេង​ជាង​៧៣​ភាគរយ​នៅក្នុង​ជុំ​ទី​២​កាលពី​ថ្ងៃទី​២១​មេសា​ដោយ​ទម្លាក់​លោក Poroshenko​។​

លោក Poroshenko បាន​ដឹកនាំ​ប្រទេស​អ៊ុយ​ក្រែ​ន​អស់​រយៈពេល​៥​ឆ្នាំ​ដោយបាន​ជួបប្រទះ​ការដួលរលំ​ដោយសារតែ​ការ​កាត់​យក​ឧបទ្វីប Crimea ដោយ​ប្រទេស​រុស្ស៊ី​និង​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១៣,០០០​នាក់​ស្លាប់​។​

លោក Poroshenko បាន​បញ្ចៀស​ការដួលរលំ​ទាំងស្រុង​ហើយ​បានចាប់ផ្តើម​កំណែទម្រង់​សំខាន់ៗ​ជា​បន្តបន្ទាប់​ប៉ុន្តែ​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការខកខាន​កែលម្អ​ស្តង់ដារ​រស់នៅ​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​ឬ​ប្រឆាំងនឹង​អំពើពុករលួយ​គ្រប់​ជ្រុងជ្រោយ​។​

លោក Zelensky បាន​ប្តេជ្ញា​ថា​នឹង​បន្ត​គោលជំហរ​គាំទ្រ​លោកខាងលិច​។ ក្រុម​អ្នក​រិះគន់​បាន​ចោទសួរ​អំពី​របៀប​ដែល​គាត់​នឹង​ដោះស្រាយ​បញ្ហា​ដ៏​ធំធេង​នៃ​ជម្លោះ​បំបែក​ខ្លួន​និង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114