ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គង់ គាំ បកអាក្រាត​ចរិត​នយោបាយ​ធូរ​ថ្លៃ​របស់លោក សម រង្ស៊ី និង​ក្រុម​អតីត​មេដឹកនាំ​បក្សប្រឆាំង​មួយចំនួន​

ភ្នំពេញ ​៖​ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​លោក គង់ មុនិ​កា ជា​ប្រធាន​នោះ បាន​បកអាក្រាត​ចរិត​នយោបាយ បែប​មិនសូវ​ថ្លៃ​របស់លោក សម រង្ស៊ី និង​ក្រុម​អតីត​មេដឹកនាំ CNRP មួយចំនួន និង​បាន​អំពាវនាវ​សកម្មជន​បក្សប្រឆាំង​ទាំងអស់ កុំ​ឲ្យ​ជឿ កុំ​ឲ្យ​ចាំ កុំ​ឲ្យ​ជួយ​មនុស្ស​ខូច ហើយ​កុំ​សម្រួច​ឈើ​ពុក​តទៅទៀត​។​

លោក គង់ គាំ ថ្លែង​បែបនេះ នៅក្នុង​ពិធី​សមាជ និង​ប្រា​រព្ធ​ខួប​មួយឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​។

លោក គង់ គាំ បាន​ថ្លែងថា នេះ​គឺជា​លើក​ទី​១​ហើយ ក្រោយពី​លោក​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងអស់ ត្រូវបាន​លោក សម រង្ស៊ី វាយប្រហារ​ថា ជា​មនុស្ស​ថោកទាប ប៉ុន្តែ​លោក​បាន​លើក​ជា​សំណួរ​ថា តើ​លោក សម រង្ស៊ី ថ្លៃថ្នូរ​ត្រង់ណា​។ លោក​នៅចាំ​បាន​ថា លោក សម រង្ស៊ី បាន​រត់ចោលស្រុក​ច្រើនដង ហើយ​មុន​ត្រឡប់​ចូល​ស្រុក​វិញ ត្រូវតែ​សុំទោស ទើប​អាច​ចូល​បាន “​ដូច្នេះ​ទា​កុំ​ដៀល​ក្រួច​ មាត់​ក្រហួច​ដូច​តែ​គ្នា​”​។​

តាម​លោក គង់ គាំ មាន​ពេល​មួយ​នោះ លោក​សម រង្ស៊ី បាន​រត់ចោលស្រុក ដោយសារតែ​ការចោទប្រកាន់​របស់​តុលាការ ទាក់ទង​ករណី​បោក​គ្រាប់បែក​នៅ​អតីត​រដ្ឋសភា​ចាស់ ហើយ​នៅពេល​ត្រឡប់​ចូល​ស្រុក​វិញ លោក សម រង្ស៊ី បាន​ស្នើសុំ​នាយករដ្ឋមន្ត្រី និង​សុំ​ព្រះមហាក្សត្រ ដើម្បី​លើកលែងទោស ហើយ​បាន​ព្រមព្រៀង​ដក​ពាក្យបណ្ដឹង ដែល​កាលនោះ មាន​បាតុករ​ប្រមាណ​២០​នាក់ បាន​ស្លាប់​ដោយសារ​បោក​គ្រាប់បែក​៤​គ្រាប់​។ ក្រោយ​ព្រឹត្តិការ​ណ៍​នោះ លោក សម រង្ស៊ី បាន​ប្ដឹង​ឲ្យ​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការបោកគ្រាប់បែក​នោះ តែ​នៅពេល​ចង់​ចូល​ស្រុក​វិញ បែរជា​ដក​ពាក្យបណ្ដឹង ដូច្នេះ​លោក សម រង្ស៊ី ក្បត់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ និង​អ្នករបួស​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧​នោះ ហើយ​ជា​អំពើ​ថោកទាប​បំផុត​។ មិនតែប៉ុណ្ណោះ​បាន​យល់​ព្រមធ្វើ​វិសោធនកម្ម ពី​២​ភាគ​៣ មក​៥០​បូក​១ ដូច្នេះ​លោក សម រង្ស៊ី បានសម្លាប់​ប្រជាធិបតេយ្យ​តាំងពី​យូរណាស់​មកហើយ ដូច្នេះ​សូមកុំ​បៀម​ឈាម​ព្រួស​ដាក់​គេ សូម​ចេះ​ទទួលខុស​ផង​។​

ថ្លែង​ក្នុង​ឱ​កាស​នោះដែរ លោក គង់ គាំ បាន​បញ្ជាក់ថា សូមកុំ​ជឿ សូមកុំ​ចាំ សូមកុំ​ជួយ មនុស្ស​ខូច​ក្រុម សម រង្ស៊ី ពីព្រោះ​ជឿ​មិន​បានទេ ២​ឆ្នាំ​ហើយ សន្យា​ថ្ងៃនេះ​ថ្ងៃនោះ ថា​ត្រឡប់មកវិញ តែ​អត់​ឃើញ​សោះ​។ លោក​អះអាងថា លោក សម រង្ស៊ី គ្មាន​ពេល​ត្រឡប់​វិញ​នោះទេ ពីព្រោះ​មកដល់ពេលនេះ តាម​សាលក្រម​លោក សម រង្ស៊ី ជាប់ទោស​ជិត​១០០​ឆ្នាំ​ទៅហើយ ដូច្នេះ​បើ​ជាប់ទោស​ច្រើន​យ៉ាងនេះ មិនអាច​ចូល​ស្រុក​វិញ​កើត​ទេ​។ “​ដូច្នេះ​សូមកុំ​ជឿ កុំ​ជួយ កុំ​ចាំ​មនុស្ស​ខូច កុំ​សម្រួច​ឈើពុក ពីព្រោះ​ពួក​នោះ​ពុក​ខូច​អស់ហើយ​”​។​

ជាមួយគ្នា​នោះ លោក គង់ គាំ ដែលជា​អ្នកនយោបាយ​ជើងចាស់​មួយរូប​ដែរ ក៏បាន​រំលឹក​អំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ផងដែរ ដោយបាន​លើកឡើងថា ការបោះឆ្នោត​ឆ្នាំ​២០១៣ ពិតជា​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ពីព្រោះ​៥៥ អាសនៈ ទល់នឹង​៦៣​អាសនៈ ខុសគ្នា​តែ​៨​អាសនៈ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា ៨​អាសនៈ​នេះ មិនអាច​ប្រៀប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ គឺ​នៅ​មណ្ឌល​ខេត្ត ដែល​មានតែ​១​អាសនៈ ដូចជា​នៅ​ខេត្តរតនគិរី មណ្ឌលគិរី នៅ​កែប កំពង់សោម និង​ព្រះវិហារ​ជាដើម ដែល​មណ្ឌល​ខេត្ត​ទាំងនោះ មានតែ​១​អាសនៈ​។ ដូច្នេះ​ចំនួន​៨​ខេត្ត មិនអាច​ឈ្នះ​គណបក្ស​ប្រជាជន​ទេ ពីព្រោះ​នៅ​៨​ខេត្ត​នោះ ប្រជាពលរដ្ឋ​ជាង​៦០ ភាគរយ បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ​លទ្ធផល​នេះ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​មេដឹកនាំ​នៅតែ​ប្រមូលផ្ដុំ​ទាមទារ​គណបក្សកាន់អំណាច​ចុះ​ពី​អំណាច ដែល​ចំណុច​នេះហើយ គឺជា​គ្រោះថ្នាក់​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

អ្នកនយោបាយ​ជើងចាស់​រូបនោះ​អះអាង​ទៀតថា កន្លងមក​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខំ​រារាំង ខំ​បំផ្លាញ ការបោះឆ្នោត ដោយ​នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ភ្លើងទៀន នៅ​កូរ៉េខាងត្បូង​ជាច្រើនលើក ប៉ុន្តែ​មកដល់ពេលនេះ ភ្លើងទៀន​រលត់រលាយ ហើយ​ពួកគេ​ក៏​បែក​ខ្ចាត់ខ្ចាយ​អស់​ផងដែរ​។ ពីព្រោះ​ក្រុម​នោះ បាន​បែក​គ្នា​អស់ហើយ​។ លោក​បន្តថា មាន​ក្រុម​មួយ​នោះ ដែលមាន​ព្រះអង្គម្ចាស់​ស៊ី​សុ​វ​ត្តិ​ធម្ម​កោ​ផងដែរ បាន​អះអាងថា បើ​ចូលមក​កម្ពុជា ដើម្បី​កម្ចាត់កម្ចាយ​គេ​នោះ មានន័យថា ធ្វើ​បដិវត្តន៍​ហើយ ដូច្នេះ​ក្រុម​នោះ បាន​អះអាងថា មិន​ដើរ​តាម​ការធ្វើ​បដិវត្តន៍​រ​បស់​ក្រុម​លោក សម រង្ស៊ី នោះទេ ពីព្រោះ​វា​ខុស​ទៅនឹង​គោលការណ៍​ដើម របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114