ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា ទម្លាយ​អារម្មណ៍​ពិត​ ក្រោយពី​បញ្ចប់​ថ្ងៃ​មង្គលការ

ភ្នំពេញ​ ៖ ​កំពូល​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង ឱក សុគន្ធ​កញ្ញា បន្ទាប់ពី​សម្រេច​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​គឺ​លោក អ៊ឹង សុខលី ហើយ​នោះ ​ពេលនេះ​បានបង្ហាញ​ពី​អារម្មណ៍​ពិត​ដែល​ធ្លាប់​ហែល​ឆ្លងកាត់​ព្យុះភ្លៀង​ជាមួយគ្នា​ស្ទើរនឹង​​​រាប់មិនអស់។

អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​រៀបរាប់ថា ​ទម្រាំ​អាចមាន​ថ្ងៃនេះ ទម្រាំ​អាច​តស៊ូ​បាន​មកដល់​ថ្ងៃនេះ ពួកយើង​បាន​ឆ្លងកាត់​នូវ រឿងរ៉ាវ បញ្ហា និង​ការប្រឈមមុខ​ជាមួយគ្នា​ច្រើន​រាប់មិនអស់​។ ពេលខ្លះ ក៏មាន​អារម្មណ៍​ថា ទម្រាំ​តែ​អាច​ឆ្លង​ហួស​នូវ​អារម្មណ៍​តានតឹង​ និង​ស្រពាប់​ស្រពោន​បាន ស្ទើរតែ​ចង់​បោះបង់​គ្រប់យ៉ាង​ចោល​ទៅហើយ តែ​ចុងក្រោយ ពួកយើង​ក៏​នៅតែ​អាច​បន្ត​មក​ជាមួយគ្នា រហូត​មាន​ថ្ងៃនេះ​ក៏​ព្រោះតែ​យើង​មានចិត្ត​មួយ​ជាមួយគ្នា​នោះ​គឺ​ចិត្ត​ដែល​មិន​ព្រម​បោះបង់ចោល​គ្នា​។​

តារា​ស្រី​អ្នកនាង ឱក សុគន្ធ​កញ្ញា បន្តថា​ មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​បែបណា​មិន​ថា​ស្ថិតនៅក្នុង​អារម្មណ៍​បែបណា អ្វីដែល​យើង​អាច​រក្សា​បាន​នោះ​ គឺ​ចង់​មាន​ថ្ងៃមួយ​គឺ​ថ្ងៃ​នៃ​ត្រើយ​សុភមង្គល ថ្ងៃ​ដែល​អាច​កាន់​ដៃ​គ្នា​ដើរចូល​រោង​មង្គល​ជ័យ មាន​លោក​មេបា សាច់ញាតិ​បងប្អូន មិត្តភក្តិ ជិត​ឆ្ងាយ មក​ចូលរួម​ដឹងឮ និង​ឲ្យ​ពរជ័យ​។​ ចាប់តាំងពី​ថ្ងៃ​ស្រឡាញ់​គ្នា​ដំបូង មិន​ថា​ជួប​រឿង​​​អ្វី​ក៏ដោយ ក៏​ត្រូវតែ​អត់ឱន​ឱ្យ​គ្នា​ឱ្យបាន​ច្រើន ស្ដាប់​គ្នា​ឲ្យ​ច្រើនជាង​ស្ដាប់​អ្នកដទៃ និយាយ​គ្នា​ឱ្យមាន​ហេតុ និង​ផល យល់​ពីគ្នា​ឲ្យ​ច្រើនជាង​ការដែល​យល់​តែ​ចិត្ត​ខ្លួនឯង កុំ​តឹងតែង កុំ​ហួច​ហែង​គ្នា​ហួសហេតុ​ពេក បើក​ចិត្ត​ទទួលយក​រាល់​ចំណុច​អវិជ្ជមាន​រវាង​គ្នា​។​

អ្នកនាង ឱក សុគន្ធ​កញ្ញា និយាយទៀតថា​ ដើម្បី​អាច​ផ្ដល់នូវ​មតិយោបល់ ហើយ​កែប្រែ​គ្នា​ទៅវិញទៅមក​ព្រោះថា អ្នកណាៗ​ក៏​ធ្លាប់​ខុស ព្រោះ​លើ​លោក​នេះ គ្មាន​ឡើយ​មនុស្ស​ដែល​ល្អឥតខ្ចោះ​សូម្បីតែ​យើង​ខ្លួនឯង គឺ​មានតែ​ការព្យាយាម​កែលំអ​គ្នា និង​ទទួលយក​រៀងៗ​ខ្លួន​ទេ​ទើប​អាច​ដើរ​ដល់​ថ្ងៃនេះ អាច​ឆ្លងកាត់​រឿងរ៉ាវ​គ្រប់យ៉ាង​បាន​ជាមួយគ្នា​។​ ហើយពី​ថ្ងៃនេះ តទៅ​ថ្ងៃមុខ រហូត​ទៅ គឺ​ត្រូវ​ស្រឡាញ់គ្នា មើលថែ​គ្នា អត់ឱន​ឲ្យ​គ្នា ឲ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​យើង​ចាប់ផ្ដើម គ្រួសារ​មួយ​នេះ គឺ​មានតែ​ពាក្យ​ថា ក្ដី​សុខ និង​សុភមង្គល យើង​នឹង​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូនចៅ កូនក្មួយ​យើង​ទៅ​ថ្ងៃមុខ​។

កុំភ្លេចថា​មាន​មនុស្ស​ច្រើនណាស់​ចាំមើល​យើង អ្នកខ្លះ គេ​មិន​ខ្វល់​ទេ​ថា​យើង​ស្រឡាញ់គ្នា​ប៉ុនណា តែ​គេ​នឹង​ចាំតែ​មើលបំណាំ និង​ចាប់កំហុស​របស់​យើង​តែប៉ុណ្ណោះ តែ​ទោះ​យ៉ាងនេះ​ក្ដី អ្វីដែល​យើង​ត្រូវមាន គឺ​រក្សា​ជំហរ​ឱ្យបាន​ល្អ សម្រាប់​គ្រួសារ​ដ៏​ឧត្តុង្គឧត្តម​របស់​យើង​។​ស្រឡាញ់គ្នា​មិន​ប្រែ ពីថ្ងៃ​នេះ រហូត​ទៅ …..​។​នេះ​ជាស​ម្តី​បន្ថែម​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114